
សិល្បៈ
នៅពេលថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រកាសដំណឹងបា.ត់កុមារាម្នាក់ តែបន្ទាប់ពីប្រកាសរួចទើបដឹងដំណឹងថាកុមារារូបនេះ ជិះកង់ទៅជួបម្ដាយឆ្លងខេត្តប្រវែងប្រមាណជិត១០០គីឡូម៉ែត្រឯណោះ ដោយក្ដីនឹករលឹកពេក ទាំងដែលខ្លួនទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។
ក្មេងប្រុសខាងលើនេះ ត្រូវបានគេប្រកាសបា.ត់ខ្លួនកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១២ ថ្ងៃត្រង់ ខណៈដែលរូបគេបានចេញពីផ្ទះទៅសាលារៀនជាមួយនឹងកង់ មានបាញ់ថ្នាំពណ៌ស លាយក្រហម ព្រមទាំងស្ពាយកាបូបពណ៌ផ្ទៃមេឃ ប៉ុន្ដែ រយៈពេលប៉ុន្មានម៉ោងក្រោយប្រកាសបា.ត់ខ្លួន តែមិនបានប៉ុន្មានម៉ោងក្រោយមក គេឃើញមានការប្រកាសជាថ្មីថា ក្មេងប្រុសរូបនេះ ត្រូវបានរកឃើញហើយ នៅប៉ោយប៉ែត។
បើតាមការបញ្ជាក់ពីអ្នកគ្រូរបស់ក្មេងបានឱ្យដឹងថា «ដោយអារម្មណ៍នឹកម្ដាយពេក បានធ្វើឱ្យប្អូនជិះកង់ពីឃុំអន្លង់វិល (បាត់ដំបង) ទៅដល់សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចម្ងាយជិត ១០០ គីឡូម៉ែត្រ ដោយមានប្រាក់ជាប់ខ្លួនត្រឹម ២០០០ រៀលប៉ុណ្ណោះ»។
បើតាមរយៈផេក «សិស្ស វិទ្យាល័យអន្លង់វិល» បានរៀបរាប់ឱ្យដឹងថា៖ « ក្មេងប្រុសចិត្តស៊ូរូបនេះ មានឈ្មោះ សាន់កង ភេទប្រុស អាយុ ១៤ ឆ្នាំ រៀនថ្នាក់ទី ៤ គ ក្នុងសាលាបឋមសិក្សាអន្លង់វិល និង មានទីលំនៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង» ៕



