
សង្គម
តារាសម្តែង សឿ សុធារ៉ា បានដឹកដៃកូនស្រីចូលរួមពិធីសម្ពោធខ្សែភាពយន្តភាគខ្មែរ រឿង ម្ចាស់កីតម្បាញ ជាមួយស្នាមញញឹម ដែលពោរពេញដោយក្ដីសុខ ដែលបង្ហាញឱ្យឃើញថា អ្នកនាងមានសុខភាពមាំទាំដែលមើលទៅមានភាពស្រស់ស្រាយជាធម្មតាវិញហើយ។
ខ្សែភាពយន្តភាគខ្មែរ រឿង « ម្ចាស់កីតម្បាញ» ដែលបាន បង្ហាញពីរបៀបរបបរស់នៅ សម័យលង្វែក និងឧបករណ៍បុរាណខ្មែរដូចជា កីតម្បាញនោះ បានត្រូវសម្ពោធចាក់បញ្ចាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួម ពីសិល្បករល្បីៗ និងមហាជន រាប់រយនាក់ នៅហង្សមាស Palace ក្នុងផ្សារទំនើបអ៊ីអន សែនសុខស៊ីធី។
ក្នុងឱកាសនេះ តារាសម្តែង សឿ សុធារ៉ា បានដឹកដៃកូនស្រី សាពូន ដារាពិមាន ចូលរួមផងដែរ ហើយត្រូវបានបង្ហោះរូបភាពឡើងនៅថ្ងៃនេះ ជាមួយស្នាមញញឹមគ្រប់រូបភាព ដោយភ្ជាប់ជាមួយសំណេរថា៖ «បងប្អូនជាទីស្រលាញ់ទាំងអស់គ្នា នេះហើយគឺខ្សែភាពយន្តភាគខ្មែរមុនដំបូងបង្អស់ ដែលមុននឹងបញ្ចាំងជាសាធារណៈ គឺត្រូវបានផ្តល់កិត្តិយសសម្ពោធមុនផ្សាយបញ្ចាំងជូនទស្សនាជាផ្លូវការនោះ« ម្ចាស់កីតម្បាញ »។
រឿង «ម្ចាស់កីតម្បាញ» នេះក៏មានការរួមសម្តែងដោយអ្នកនាង ជាមួយកូនស្រី សាពូន ដារ៉ាពិមានផងដែរ ដែលរឿងនេះបាន ថតតាំងពីពីរឆ្នាំមុនម្លេះ សឿ សុធារ៉ា រំពឹងថាមហាជននឹងពេញចិត្ត សមត្ថភាពនាងនិងកូនស្រីនៅក្នុងការសម្តែងរឿងភាគមួយនេះ។
សូមជម្រាបថា ខ្សែភាពយន្តភាគបុរាណខ្មែរ រឿង “ម្ចាស់កីតម្បាញ” ត្រូវបាននិពន្ធឡើង ដោយអ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាសគឺលោក យូ សុភា ដែលគេស្គាល់ថា ជាអ្នកនិពន្ធដ៏ឆ្នើម។ រឿងភាគនេះ ដឹកនាំសម្តែងដោយលោក កៅ សីហា ជាអ្នកដឹកនាំរឿង មានស្នាដៃម្នាក់របស់ផលិតកម្មហង្សមាស។ ភាពយន្តបុរាណខ្មែរនេះ គឺនិយាយពីតថភាព របស់ប្រជាជនខ្មែរ នាសម័យលង្វែក ជាពិសេស គឺសង្កត់ធ្ងន់ទៅលើកីតម្បាញរបស់ខ្មែរ នាសម័យលង្វែកតែម្តង៕



















