header ads

Sponsor

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ក្រោយតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងមិនទាន់បានមួយសប្ដាហ៍ស្រួលផង ដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការ ប្រើកណ្ដាប់ដៃដែកបំបែកបានមួយករណីភ្លាមៗ ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បូ សារ៉ាន ដែលបានប្រើប្រាស់កាំភ្លើងខ្លីបាញ់០២គ្រាប់ធ្លាយជញ្ជាំងផ្ទះរបស់ឈ្មោះ ឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែងកាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ខេត្តព្រៃវែង៖ យោងតាមដីកាលេខ ៧២ ចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ របស់លោក ហួត ហ៊ាង ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ បូ សារ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ដោយត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ ប៉ុនប៉ងឃាតកម្ម, រំលោភលើលំនៅដ្ឋាន, និងកាន់កាប់ប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ។

ដើម្បីអនុវត្តតាមដីកានេះ នៅថ្ងៃដដែលក្រុមនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបេសកកម្មទៅដល់មូលដ្ឋានខាងលើភ្លាម ប៉ុន្តែឈ្មោះ បូ សារ៉ាន បានលួចរត់គេចខ្លួនចូលទៅប្រទេសវៀតណាម ។ពេលដឹងថា ជនសង្ស័យបានរត់គេចខ្លួនភ្លាម កម្លាំងសមត្ថកិច្ចកម្ពុជា បានទំនាក់ទំនងទៅកាន់ខាងភាគីវៀតណាម ដោយបានផ្ញើររូបភាពរបស់ជនសង្ស័យ រួមនឹងយានជំនិះ តាមរយៈប្រព័ន្ធអនឡាញបណ្តាញសង្គមតេឡេក្រាម សំដៅឲ្យអាជ្ញាធរវៀតណាមងាយស្រួលកំណត់មុខសញ្ញា ។

បន្ទាប់ពីទទួលបានរូបភាពពីនគរបាលកម្ពុជាភ្លាម ខាងភាគីវៀតណាម បានកំណត់មុខសញ្ញា ដោយចាប់ឃាត់ខ្លួនឈ្មោះ បូ សារ៉ាន និងឆែកខ្លួនរកឃើញមានថ្នាំញៀន ហើយបច្ចុប្បន្ន ខាងអាជ្ញាធរវៀតណាមកំពុងបំពេញនីតិវិធីបន្តសិន មុននឹងបញ្ជូនមកកម្ពុជា ។

គួរបញ្ជាក់ថា ករណីតាមចាប់ជនសង្ស័យដល់វៀតណាមនេះ បានកើតមានឡើង ព្រោះដោយសារកាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០២:៣០ នាទីយប់ បុគ្គលឈ្មោះ បូ សារ៉ាន ត្រូវបានប្រជាជនប្តឹងថា បានប្រើប្រាស់កាំភ្លើងខ្លី បាញ់២គ្រាប់ ធ្លាយជញ្ជាំងផ្ទះរបស់ឈ្មោះ ឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាជនភ្លាមនៅយប់រម្លងអាធ្រាត្រថ្ងៃដដែល មន្ត្រីនគរបាលមូលដ្ឋាន បានចុះទៅស្រាវជ្រាវរកជនសង្ស័យខាងលើដែរប៉ុន្តែមិនឃើញ ។ និងបានស្រង់កំណត់ហេតុពីប្រជាជន បំពេញសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញរួចរាល់ដើម្បីសុំដីកាចាប់ខ្លួន ។ បន្ទាប់ពីទទួលបានសំណុំរឿង តុលាការបានចេញដីកាកោះចំនួនពីរលើក និងដីការបង្គាប់ឲ្យចូលខ្លួនចំនួនមួយលើក ប៉ុន្តែបុគ្គលនេះ មិនព្រមអនុវត្តតាម រហូតដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលដីកាពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលរូបនេះឲ្យខានតែបាន ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post