
សង្គម
នេះជាលើកដំបូងដែលតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី បានបង្ហាញក្តីស្រឡាញ់និងអរគុណដល់ស្វាមីដែលឃើញហើយពិតជាពោរពេញទៅដោយភាពកក់ក្តៅ និងក្តីសុខដែលធ្វើឱ្យ អ្នកគាំទ្ររបស់អ្នកស្រីមានការត្រេកអរនិងលាន់មាត់សរសើរពីជីវិតគូរបស់តារាសម្តែងជើងចាស់រូបនេះគ្រប់គ្នា ។
ជាមួយនឹងវីដេអូខ្លីដែលបង្ហាញពីរថយន្តទំនើបថ្មីចែសមួយគ្រឿងដោយមានចងបូយ៉ាងស្រស់ស្អាតតារាសម្តែងជើងចាស់រូបនេះបានភ្ជាប់សារដែលមានអត្ថន័យថា«ទោះបីជាពេលវេលាកន្លងមកច្រើនឆ្នាំក៏ដោយប៉ុន្តែបងនៅតែផ្អែមល្ហែមតែងតែនៅក្បែរអូនដោយក្ដីមេត្តានិង សប្បុរ សការគោរពសេចក្ដីស្រឡាញ់និងការបន្ថែមពណ៌ដ៏សំខាន់ក្នុងជីវិតរបស់អូន។អរគុណសម្រាប់ការគ្រប់យ៉ាងបង »។
ជាមួយនឹងសារដ៏ផ្អែមល្ហែមសរបញ្ជាក់ឱ្យឃើញថារថយន្តថ្មីមួយគ្រឿងនេះជាកាដូដែលអ្នកស្រី អម្ពរ ទេវី ទទួលពីស្វាមី ។ ក្នុងនោះក៏មានលាន់មាត់សរសើរពីសំណាក់អ្នកគាំទ្រពីជីវិតប្តីប្រពន្ធរបស់អ្នកស្រីដែលនៅតែផ្អែមល្ហែមដូចគូស្នេហ៍យុវវ័យបើទោះរួមរស់ជាមួយគ្នាជាច្រើនឆ្នាំក្តី ។
ដ្បិតចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំ តែអ្នកស្រី អម្ពរ ទេវី នៅតែទទួលបានការស្រឡាញ់និងពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់អ្នកស្រីនាពេលកន្លងមក ។ប៉ុន្តែយ៉ាងណាឆាប់ៗនេះអ្នកស្រីនឹងគ្រោងចុះមកថតរឿងខ្នាតធំរបស់ផលិតកម្មហង្សមាសដែលមានចំណងជើងថា «អប្សរាមហាអង្គរ»រួមជាមួយតារាស្រីថ្មីចាស់ច្រើនជំនាន់ដែលតាមគម្រោងអ្នកស្រីនឹងចុះមកស្រុកខ្មែរដើម្បីចូលរួមថតនៅក្នុងខែតុលាខាងមុខនេះ ។ មិនទាន់មានការបង្ហើបពីតម្លៃខ្លួនដែលតារាសម្តែងជើងចាស់រូបនេះទទួលបានក្នុងការថតខ្សែរឿងខ្នាតធំនេះឡើយ ៕