(ភ្នំពេញ)៖ លោកស្រី ធី សុវណ្ណថា រួម និងមន្ត្រីចំនួន៥រូបផ្សេងទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា សមាសភាពអភិបាលរងក្រុង ៥នាក់ផ្សេងទៀតរួមមាន៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម, លោក ផុន គឹមឡុង, លោក ស៉ឹង សុផាន់ណា, លោក ជា ហ៊ោ និង លោក ចាន់ គឿយ។
ជាមួយគ្នានេះដែរលោកស្រី បានប្ដេជ្ញាចិត្ត និងប្រកាសឱ្យដឹងពីសវតារបស់ខ្លួនផងដែរ ទៅលើកិច្ចការងារនេះ ដោយលោកស្រីបញ្ជាក់ថា៖
«នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស តែងតាំងមុខតំណែង ដ៏សំខាន់ "អភិបាលរងក្រុងអរិយក្សត្រ" ដល់រូបនាងខ្ញុំ ។ នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន»
សូមបញ្ជាក់ថា ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយរបស់ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
ក្រុងអរិយក្សត្រនេះមានសង្កាត់សរុបចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯមចំនួន៥ឃុំ។
សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្ររួមមាន៖ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ៕