ទោះភ្ជាប់ពាក្យរយៈពេលជាងមួយឆ្នាំក្តី ប៉ុន្តែតារាសម្តែងរូបស្រស់ សួង ស៊ីធឿន មិនទាន់មានគម្រោងរៀបការជាមួយតារាសម្តែងរូបសង្ហាលោក អ៊ូ សំខាន់ ឡើយ ដោយនាងអះអាងថាពិធីរៀបការតាមប្រពៃណីអាចនឹងអូសបន្លាយយូរទៀតព្រោះខ្លួនពុំទាន់មានប្រាក់គ្រប់គ្រាន់។
សួង ស៊ីធឿន ជាតារាសម្តែងដែលមានទីផ្សារការងារមិនធម្មតាដែរដោយចុងក្រោយនេះនាងសំងំថតរឿងជាបន្តបន្ទាប់ ជាពិសេសរឿងខ្មោចតែម្តង ។សព្វថ្ងៃនេះ សួង ស៊ីធឿន កំពុងមានវត្តមាននៅក្នុងរឿង«ខ្សែចងក» ដែលកំពុងចាក់បញ្ចាំងតាមរោងភាពយន្ត។អ្វីដែលគួរឱ្យកត់សម្គាល់ សួង ស៊ីធឿន មិនញញើតនៅក្នុងសម្តែងរឿងខ្មោចដូចតារាស្រីដទៃឡើយ ។ មិនខុសពីមិត្តភក្តិផ្សេងឡើយក្រៅពីអាជីពសិល្បៈស្រីស្អាត សួង ស៊ីធឿន ក៏ទើបនឹងបើកសម្ពោធផ្ទះសំណាក់ដែលមានឈ្មោះថា «ស្រែជ័យប៊ូទិក» ដែលមានទីតាំងនៅជិតឈូកវ៉ា៣។
ដ្បិតទើបបោះទុកបើកសម្ពោធមុខជំនួញខ្នាតធំមួយនេះក្តី តែអតីតហ្វេ្រសស៊ីរូបនេះបែរជាត្អូញត្អែរថាខ្លួនពុំទាន់មានប្រាក់គ្រប់គ្រាន់នៅក្នុងការរៀបការឡើយ។គេចាំបានថា សួង ស៊ីធឿន បានសម្រេចភ្ជាប់ពាក្យជាមួយតារាសម្តែងលោក អ៊ូ សំខាន់ កាលពីដើមឆ្នាំ ២០២២ក្រោយអតីតគូដណ្តឹងរបស់នាងបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មួយរយៈមក ។ មុនភ្ជាប់ស្នេហ៍ជាមួយតារាប្រុសលោក អ៊ូ សំខាន់ សួង ស៊ីធឿន បានស្គាល់នឹងរួមការងារសម្តែងជាមួយគ្នាប្រមាណជា៦ឆ្នាំឯណោះ ៕