ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់តារាចម្រៀងរូបស្រស់ អេនីហ្សាម និងគូស្នេហ៍កាន់តែផ្អែមល្ហែមមិនខុសពីគូស្នេហ៍ភេទផ្ទុយគ្នាប៉ុន្មានឡើយ ។ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងច្បាស់ថាតើគូស្នេហ៍មួយគូនេះនឹងមានភាពក្លាហានហ៊ានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរឬ បែបណាឡើយ។
ដ្បិតតែងបង្ហាញភាពល្អូកល្អើននៅតាមបណ្តាញសង្គមជារឿយៗក៏ពិតមែន តែមានការបង្ហើបថាកន្លងមកគូស្នេហ៍មួយគូនេះក៏ជួបរឿងរកាំរកូសដោយសារការប្រចណ្ឌ តែពួកគេក៏បានវិលមកជានាជាមួយគ្នាជាធម្មតាវិញ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះគូស្នេហ៍របស់តារាចម្រៀង អេនីហ្សាម បានបង្ហាញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹករួមនឹងសារដែលមានអត្ថន័យស៊ីជម្រៅភ្ជាប៉ជាមួយថា«Happy anniversary 1ថ្ងៃទៅ1ថ្ងៃ 1ខែទៅ1ខែ 1ឆ្នាំទៅ1ឆ្នាំ ការស្រលាញ់ម្នាក់នេះដែលមានអោយអ្នកមិនដែលផ្លាស់ប្តូរទេស្រលាញ់ណាស់គិតដល់ណាស់ទោះឈ្លោះគ្នាខ្លះ ក៏ខ្ញុំមិនដែលចង់ប្រែ ឈប់ប្រើពាក្យសុំបែកបងទៀត ស្តាប់ហើយឈឺចាប់ណាស់»។
ការលើកឡើងរបស់គូស្នេហ៍តារាចម្រៀង អេនីហ្សាម ជាសាធារណៈបែបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រអ្នកទាំងពីរបានបង្ហាញការត្រេកអរនឹងជូនពរដល់ពួកគេនៅក្នុងថ្ងៃខួបនៃក្តីស្រឡាញ់នេះ ។ គេចាំបានថាក្រោយពីពើបប្រទះស្នេហ៍មិនសមបំណងជាមួយមនុស្សប្រុសតារាចម្រៀង អេនីហ្សាម បានងាកមកភ្ជាប់ស្នេហ៍ភេទដូចគ្នាវិញម្តង ដោយគូស្នេហ៍របស់នាងក៏ជាអ្នកសិល្បៈម្នាក់ដែរ ។ អ្វីដែលពិសេសនោះ អេនីហ្សាម បានបើកចំហចំណងស្នេហ៍របស់ខ្លួនដោយមិនខ្លាចការរិះគន់អ្វីឡើយពោលនាងរស់នៅជាខ្លួនឯង៕