ផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀង នាង គន្ធា ក្រោយពីបានឃើញកញ្ញាបង្ហាញរូបភាពទារកដែលទើបនឹងសម្រាលមានមុខមាត់គួរឱ្យស្រឡាញ់ម្នាក់ដោយបញ្ជាក់ថាជាបងប្រុសរបស់ខ្លួនតារាចម្រៀង នាង ប្រាក់សុគន្ធ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីជិតពីរឆ្នាំមុន ។
ជាមួយនឹងការបង្ហោះរូបភាពទារកជាច្រើនសន្លឹកដែលទើបនឹងសម្រាលម្ចាស់បទចម្រៀង «បេះដូងចេះស្រវឹង»រូបនេះបានភ្ជាប់ជាមួយសំណេរថា«Welcome My baby girl ការរង់ចាំអស់រយៈពេលជិត២ឆ្នាំអរគុណការវិលត្រឡប់បងប្រុស អូនមានសុខភាពល្អទាំងម៉ាក់កូន អូនឈ្មោះ ថន ជេអ៊ីនកើតថ្ងែទី៤ ខែ ៥ ឆ្នាំ២០២៣ម៉ោង ៥ .៥ នាទីព្រឹកត្រូវនឹងថ្ងែសីល»។ជាមួយនឹងការរៀបរាប់របស់តារាចម្រៀង នាង គន្ធា បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកលេងបណ្តាញសង្គមបានបង្ហាញការភ្ញាក់ផ្អើលដោយម្នាក់ៗបានបង្ហាញក្តីរីករាយនឹងត្រេកអរចំពោះការវិលត្រឡប់មកជាថ្មីរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ក្នុងកំណើតជាមនុស្សស្រីនៅក្នុងជាតិថ្មីនេះ ។
ក្នុងនោះក៏មានការបញ្ចេញមតិជាច្រើនថា«សប្បាយចិត្តបានបងវិលមកវិញជូពរបងសំណាងល្អហើយអោយបានអាយុវែងហើយកុំអោយអាយុខ្លីដូចជាតិមុនទៀតអី»«មុខដូច បងសុគន្ធ ណាស់បងគន្ធាអើយ។បើសិនជាចាំជាតិមិនដឹងជាល្អយ៉ាងណាទេ»«ជាតិមុនគឺស្រស់សង្ហា ឯជាតិនេះគឺស្រស្អាតគួរអោយស្រលាញ់ក្មួយស្រី»។ ជាមួយគ្នានោះក៏មានការចង់ដឹងពីសំណាក់មហាជនថាតើតារាចម្រៀង នាង គន្ធា ដឹងដោយរបៀបណាថាទារកដ៏គួរឱ្យស្រឡាញ់នេះពិតជាតារាចម្រៀង នាង ប្រាក់សុគន្ធ ចាប់ជាតិជាថ្មី ប៉ុន្តែមិនទាន់មានការបកស្រាយពីកញ្ញានៅឡើយទេ ។
គួររំឮកថាតារាចម្រៀង នាង ប្រាក់សុគន្ធ ជាបងប្រុសរបស់តារាចម្រៀង នាង គន្ធា បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ ២០២១ដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការសោកស្តាយជាខ្លាំង ។ តារាចម្រៀងពីរនាក់បងប្អូននេះគឺជាអតីតបេក្ខជននៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol ឆ្នាំ 2016៕