បន្ទាប់ពីសម្រាលកូនដំបូងរឹងដៃរឹងជើងតារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍លោក ជី ដេវីត ត្រៀមដឹកដៃគ្នាទៅប្រទេសបារាំងជាលក្ខណៈឯកជន ប៉ុន្តែយ៉ាងណាពួកគេមិនមានគម្រោងយកកូនតូចទៅជាមួយឡើយ ។
ពេលនេះជីវិតគូរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត កាន់តែផ្អែមល្ហែមនិងមានក្តីសុខជាងមុនក្រោយអ្នកទាំងពីរបានទទួលចំណងដៃកូនប្រុសមួយដែលមានវ័យជិតបីខែហើយ ។អ្វីដែលកត់សម្គាល់ក្រោយមានសុខភាពល្អប្រសើរហើយសម្រស់ស្រស់ស្អាតដូចដើមវិញនោះ ទេព បូព្រឹក្ស និង ជី ដេវីត មានបំណងចេញទៅប្រទេសបារាំងនៅពាក់កណ្តាលខែឧសភានេះតែម្តងដែលតាមគម្រោងពួកគេចេញទៅរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណាះ ។ ក្នុងនោះពួកគេមិនបាននាំកូនតូចទៅជាមួយទេ ហើយបើតាមដឹងអ្នកទាំងពីរទៅដើរកម្សាន្តជាធម្មតា ឬអាចនិយាយថាដើម្បីរឹងបន្តឹងចំណងស្នេហ៍ឱ្យកាន់តែស្អិតរមួតថែមមួយកម្រិតទៀត។
មិនមានអ្វីប្លែកទេព្រោះដូចដឹងស្រាប់ហើយថាកន្លងមក ទេព បូព្រឹក្ស និង ជី ដេវីត តែងបណ្តើរគ្នាទៅកម្សាន្តនៅក្រៅប្រទេសជាច្រើនលើកច្រើនសារ ព្រោះមិនត្រឹមបង្កើនចំណងអនុស្សាវរីយ៍គូស្នេហ៍ប៉ុណ្ណាះទេថែមទាំងទៅទិញសម្ភារៈម៉ាកប្រេនៗនៅទីនោះព្រោះថាអ្នកទាំងពីរត្រៀ នឹងបង្ហាញសកម្មភាពថ្មីៗនៅក្នុងសិល្បៈ ជាពិសេស ទេព បូព្រឹក្ស ដែលត្រៀមនឹងស្រង់ដើមវិញក្រោយអាក់ខានការបង្ហាញវត្តមាននៅតាមកម្មវិធីធំៗអស់រយៈពេលជាច្រើនខែក្នុងពេលពពោះ ។
រហូតមកដល់ពេលនេះ ទេព បូព្រឹក្ស និងគូស្នេហ៍លោក ជី ដេវីត នៅមិនទាន់បញ្ជាក់ថាពួកគេមានគម្រោងរៀបការនៅពេលណានោះទេ ខណៈថ្មីៗនេះអ្នកម្តាយថ្មីថ្មោងរូបនេះបានប្រាប់ថានឹងមានគម្រោងធ្វើពិធីមួយ តែមិនបានបញ្ជាក់ថាជាពិធីអ្វីច្បាស់លាស់ឡើយ ។ ទើបសម្រាលកូនដំបូងខ្ចីខែក្តី តែ ទេព បូព្រឹក្ស ចាប់ផ្តើមបង្ហាញសកម្មភាពសិល្បៈបណ្តើរៗវិញហើយសន្ទុះនៃការគាំទ្រក៏មិនប្រែប្រួលពីមុនប៉ុន្មានដែរ ៕