header ads

Sponsor

កណ្តាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអំពាវនាវដល់​នគរបាលទាំង​អស់កុំយកច្បាប់ចរាចរណ៍ធ្វើ ជាអាជីវកម្មបំរើផល​ប្រយោជន៍ផ្ទាល់ខ្លួន ហើយត្រូវធ្វើការ​ណែនាំដល់​ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ​មុន​នឹងធ្វើការផាកពិន័យ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា«មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ​ត្រូវធ្វើការពន្យល់ និងអប់រំណែនាំ​ប្រជាពលរដ្ឋមុន នឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ ​និងត្រូវគោរពសិទ្ធរបស់ប្រជាពលរដ្ឋ។ ការផាកពិន័យបទល្មើស ចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់​ដែលមានជាធរមាន និងអនុវត្តឲ្យ​បានស្មើភាពគ្នាដោយមិនប្រកាន់ ឬបែងចែកបក្សពួកនោះទេ ។ ទន្ទឹមនេះរាល់ការផាក​ពិន័យត្រូវ​ចេញ​វិក័យប័ត្រ និងយោងទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ ជៀសវាង​ការ​យកច្បាប់ចរាចរណ៍​ធ្វើ​អាជីវកម្ម ដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួន»។

សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់មូលដ្ឋាន​ទាំងអស់ត្រូវបន្តចុះអប់រំ អំពី​ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ​ហើយត្រូវយកចិត្តទុក ដាក់​ត្រួតពិនិត្យឡើងវិញចំពោះអាជីវកម្មមួយចំនួនដែលបង្ករផលរំខាន ឬផលប៉ះពាល់ដល់​សុវត្ថិភាព​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលចំពោះការ​ផ្សព្វផ្សាយផលិត ​ផលទាំងឡាយណាដែលមានឥទ្ធិពលអវិជ្ជមាន ឬហានិភ័យ​ដល់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកផងដែរ។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ​ក៏បានអំពាវនាវក៏ដូចជាដាស់តឿនដល់បងប្អូនប្រជា​ពលរដ្ឋទាំងអស់គប្បីត្រូវគោរពច្បាប់​ចរាចរណ៍ឲ្យបានត្រឹមត្រូវ ស្របទៅតាមពាក្យស្លោក​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post