សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា៥ពាន់ដុល្លារអាមេរិកដល់កីឡាកររត់ប្រណាំងពិការដៃទាំងពីរ គឺលោក យី សុខសាន្ត ដែលបានតស៊ូប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ការប្រកាសឧបត្ថម្ភនេះធ្វើឡើងនៅពេលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៣។
សូមជម្រាបជូនថា កីឡាករជនពិការដៃទាំងពីររបស់កម្ពុជា យី សុខសាន្ត បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ដោយមិនទទួលបានមេដាយទេសម្រាប់ការប្រកួតរត់ចម្ងាយ៥០០០ម៉ែត្រកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។
កីឡាករពិការដៃទាំងពីរ យី សុខសាន្ត ៖«ទោះថ្ងៃនេះខ្ញុំអត់ជោគជ័័យ ខ្ញុំនឹងតស៊ូឲ្យជោគជ័យថ្ងៃមុខ ព្រោះភាពជោគជ័យមិនមែនបានមកដោយស្រួលទេ គឺត្រូវការឆ្លងកាត់ការលំបាក ឧបសគ្គច្រើនណាស់»។