កំពង់ស្ពឺ៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈ២នាក់ផ្សេងទៀតរងរបួសធ្ងន់ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ដោយរថយន្តបានបុកបន្តគ្នា សរុបប្រមាណ០៩គ្រឿង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤:២០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ត្រង់ចំណោតយាយម៉ៅពេជ្រនិល ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានស្រុកភ្នំស្រួច បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តបន្តកន្ទុយគ្នាចំនួន៩គ្រឿងនេះ ក្នុងដំណើរស្របទិសគ្នាពីកើតទៅលិច បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង និងបុរស ២នាក់ ផ្សេងទៀតរងរបួសធ្ងន់។
ជុំវិញករណីនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ បណ្តាលមកពីមូលហេតុអ្វីនោះទេ ខណៈកំពុងសម្របសម្រួលលើករណីកកស្ទះចរាចរណ៍ និងកំពុងជួយសង្គ្រោះមនុស្សទៅកាន់មន្ទីរពេទ្យ៕