header ads

Sponsor

ប៉ុន្មានឆ្នាំចុងក្រោយនេះគេមិនដែលឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅបរទេសម្តងណាឡើយ ។ ភាគច្រើនអ្នកនាងចេញទៅដើរកម្សាន្តជាលក្ខណៈឯកជនជាមួយគ្រួសារតែប៉ុណ្ណាះ ។ ប៉ុន្តែសម្រាប់ចុងខែនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះគ្រោងនឹងចេញទៅសម្តែងនៅប្រទេសអូស្រ្តាលីជាមួយតារាប្រុសស្រីរួមទ្រនំពីររូបទៀត ។ 

បើតាមគម្រោងតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តីនៅទីក្រុងមែលប៊នប្រទេសអូស្រ្តាលីនៅក្នុងថ្ងៃទី ២៤ មិថុនាទៅតាមការអញ្ជើញរបស់មូលនិធិសង្គ្រោះកុមារកម្ពុជាអូស្រ្តាលី ។មិនទាន់មានការបញ្ជាក់ថាតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងត្រូវទៅសម្តែងនៅទីនោះរយៈពេលប៉ុន្មានសប្តាហ៍ឡើយ ដែលក្នុងនោះអ្នកនាងនឹងត្រូវរួមដំណើរជាមួយតារាចម្រៀង ឈិន ម៉ានិច្ច និងលោក នី រតនា ផងដែរ ។ នេះជាលើកដំបូងដែលអ្នកទាំងបីបង្ហាញវត្តមានរួមគ្នានៅក្នុងការប្រគំតន្រ្តីនៅប្រទេសអូស្រ្តាលី ។ 

ដ្បិតមួយរយៈចុងក្រោយនេះតារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់មិនទាន់មានបទចម្រៀងផ្ទុះកក្រើកដូចប៉ុន្មានឆ្នាំមុនក៏ពិតមែន តែកំពូលតារាចម្រៀងរូបនេះនៅតែជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មហង្សមាសដោយមិនទាន់មានតារាចម្រៀងរូបណាអាចប្រជែងបានឡើយ ។ យ៉ាងណាមិញពេលនេះ ឱក សុគន្ធកញ្ញា នៅតែក្តោបបានតំណែងជាគណៈកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodiaរដូវកាលទីបីផងដែរ ។ក្រៅពីនេះអ្នកនាងក៏បានលេចមុខនៅក្នុងស្ប៉តពាណិជ្ជកម្មធំៗជាច្រើននៅក្នុងដៃដោយទទួលតម្លៃខ្លួនខ្ពស់មិនធម្មតា ។ 

ទោះមានស្វាមី និងកូនរួមទាំងមានវ័យ ៣០ឆ្នាំក្រាស់ទៅហើយក្តី តែសម្រស់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែស្រស់ស្អាតហើយការតុបតែងខ្លួនរបស់អ្នកនាងក៏មើលទៅទាក់ទាញជាខ្លាំងមិនថានៅក្នុងការលេងស្ទីលសម្លៀកបំពាក់បែបសម័យឬបុរាណនោះឡើយ។ មានការលាន់មាត់សរសើរពីសំណាក់ ហ្វេន ហ្វេនថាក្រោយមានស្វាមីនិងកូនអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែក្មេងនិងស្អាតជាងមុន ជាពិសេសថែមទាំងបង្កើនការតុបតែងខ្លួនបានស័ក្តិសមនិងទាក់ភ្នែកជាខ្លាំងអាចនិយាយថាមិនចាវជាមួយតារាស្រករក្រោយប៉ុន្មានឡើយ  ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post