ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាបានជ្រាបហើយថាកាលពីថ្ងៃទី ០៨យប់មិញនេះមានរឿងដែលគួរឱ្យចាប់អារម្មណ៍មួយដោយស្ត្រីម្នាក់ជាម្ចាស់ចំការបានបង្ហោះវីដេអូចាប់បុរសម្នាក់ដែលបានលួចយកទំពាំងមកធ្វើម្ហូប។ ជាមួយនឹងរូបភាពបែបនេះក៏មានការបញ្ចេញមតិវែកញែកជាហូរហែរដោយអ្នកខ្លះបានសម្តែងការអាណិតអាសូរដល់បុរសរូបនេះ ហើយខ្លះទៀតក៏បានលើកឡើងថាថ្ងៃនេះលួចទំពាំងថ្ងៃក្រោយអាចលួចអ្វីផ្សេងទៀតបើអត់ណាស់សុំគេមួយម៉ាត់ទៅកុំលួច ។
ទាក់ទងជាមួយនឹងរឿងនេះលោក ប៉ែន ចំរ៉ុង បានលូកមាត់ថា «មិនគាំទ្រចោរទេ តែក៏មិនគាំទ្រអោយមនុស្សកំណាញ់ក្រៅតំរាពេកដែរ ។ អ៊ីអើយជ្រុលតិចហើយ ដើម្បីរស់សោះដើម្បីកូនអ្វីក៏អាចធ្វើបាន លោកពុកអើយអ្នកតស៊ូពេកហើយ»។ការលើកឡើងរបស់ពិធីករប្រចាំទូរទស្សន៍ភីអិនអិន រូបនេះក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនយល់ស្របដោយម្នាក់ៗគិតថាមិនគាំទ្រការលួចរបស់គេទេ តែសំខាន់សុំឱ្យមានការយោគយល់ខ្លះផង ។
ប៉ុន្តែយ៉ាងណាក៏មានកអ្នកខ្លះបានលើកឡើងថា«លើកទឹកចិត្តចោរ» ចោរក្លាយជាជនរងគ្រោះអត់យល់»។ ទាំងនេះគ្រាន់តែជាមតិយោបល់ខ្លះៗរបស់អ្នកលេងបណ្តាញសង្គមចំពោះបុរសម្នាក់ដែលលួចទំពាំងនៅក្នុងចំការគេមកធ្វើម្ហូប។
គួរបញ្ជាក់ថាបុរសដែលលួចទំពាំងនោះមានមុខរបរជាជាងសំណង់ ហើយក្រោយពីកើតរឿងនេះក៏មានមហាជនមួយចំនួនបានស្វែងរកបុរសម្នាក់នោះដើម្បីឧបត្ថម្ភជាទឹកប្រាក់មួយចំនួនផងដែរ ។ ដោយឡែកម្ចាស់ចំការឯណេះវិញក៏បានលុបរូបភាព និងវីដេអូរបស់បុរសលួចទំពាំងនោះក្រោយពីទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន។រឿងនេះកើតឡើងនៅនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងបានព្រមព្រៀង និងសុំទោសគ្នាបញ្ចប់រឿងនេះផងដែរ៕