header ads

Sponsor

មានការស្រឡាំងស្ទើរគ្នាក្រោយពីបានឃើញអតីតកីឡាប្រដាល់ បឺត សំរេច បានចេញមុខបញ្ជាក់ថាលោកជាកូនប្រុសរបស់អធិរាជសំឡេងមាសលោក ស៊ិន សាមុត ។ ការលើកឡើងរបស់អតីតកីឡាប្រដាល់រូបនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ព្រោះមិនដែលដឹងថាអធិរាជសំឡេងមាសរូបនេះជាឪពុករបស់អតីតកីឡាប្រដាល់រូបនេះឡើយ។ ក្នុងនោះក៏មានការវែកញែកជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយចោទជាសំណួរថាបើពិតមែន ហេតុអ្វីលោកលាក់លៀមច្រើនឆ្នាំហើយទើបប្រកាសលេចមុខពេលនេះទៅវិញ?

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញវត្តមានអតីតកីឡាប្រដាល់ដែលមានថ្ពាល់ខួច បឺត សំរេច បានលេចមុខនៅក្នុងកម្មវិធីឡាយផ្ទាល់«ចម្រៀងគ្រួសារខ្មែរ» កាលពីថ្ងៃទី ១២កន្លងទៅក្នុងនាមជាតារាចម្រៀងម្នាក់ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍អតីតកីឡាប្រដាល់រូបនេះបានបង្ហើរបទចម្រៀងជាច្រើនបទក្នុងសំនៀងយ៉ាងពិរោះមិនធម្មតាឡើយបើទោះលោកមានវ័យច្រើនដល់ទៅ ៤៩ឆ្នាំក្តី ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកទស្សនានៅក្នុងកម្មវិធីឡាយមួយនេះមានការស្រឡាំងកាំងនោះគឺលោក បឺត សំរេច បាននិយាយទាំងទឹកភ្នែកថាលោកគឺជាកូនប្រុសរបស់អធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត ។

លោក បឺត សំរេច បាននិយាយទាំងអួលដើមកថាមូលហេតុលោកមិនដែលទម្លាយរឿងនេះដោយសារម្តាយរបស់លោកមិនមែនជាភរិយាមានខាន់ស្លាជាមួយលោកឪពុក ស៊ិន ស៊ីសាមុត ឡើយ។ម្តាយរបស់លោកជាអ្នករបាំព្រះរាជទ្រព្យ នឹងជាគ្រូពេទ្យម្នាក់ជាអ្នករស់នៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដែលមុនពេលជួបឪពុក ស៊ិន ស៊ីសាមុត មា្តយជាស្រ្តីមេម៉ាយម្នាក់ ។ ពេលទំងន់លោកបួនខែ ឪពុកលោក ស៊ិន ស៊ីសាមុត បាន រៀបការជាមួយនារីផ្សេងដែលជាបងប្អូនធម៌ម្តាយរបស់លោក។  ដោយខឹងឪពុក ស៊ិន ស៊ីសាមុត រៀបការជាមួយនារីផ្សេងម្តាយរបស់លោកក៏បានរត់មករស់នៅប្រទេសឡាវ ។ អ្វីដែលគួរឱ្យអាសូរ លោក បឺត សំរេច បានឱ្យដឹងថា លោកមិនបានរស់នៅជាមួយម្តាយបង្កើតទេដោយសារម្តាយស្អប់រូបលោកដែលជាប់ឈាមឪពុក ស៊ិន ស៊ីសាមុត តែលោកបានដឹងរឿង អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ជាឪពុកបង្កើត តាមការនិយាយប្រាប់ពីម្តាយចិញ្ចឹមដែលលោកបានរស់នៅជាមួយតាំងពីតូច ។សព្វថ្ងៃម្តាយចិញ្ចឹមរបស់លោកនៅមានជីវិត តែម្តាយបង្កើតបានលាចាកលោកហើយ។

ជាមួយនឹងការរៀបរាប់របស់លោក បឺត សំរេច បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ព្រោះកន្លងមកធ្លាប់តែដឹងថាដំណក់ឈាមលោកតា ស៊ិន ស៊ីសាមុត គឺតារាចម្រៀងលោក ស៊ិន ចាន់ឆាយ៉ា ដែលបានទទួលមរណភាពជាច្រើនឆ្នាំកន្លងមកហើយ ។ អតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះបានប្រាប់ថា លោកក៏មានទេពកោសល្យសិល្បៈពីធម្មជាតិដែរ គ្រាន់តែកន្លងមកមិនមានឱកាស ។ ទន្ទឹមនឹងនោះក៏មានការលាន់មាត់សរសើរថាលោក បឺត សំរេច ក៏មានទឹកដមសំឡេងផ្អែមពិរោះមិនធម្មតា  ជាពិសេសបទសម័យដើមរបស់អធិរាជសំឡេងមាស ជាឪពុក ។ គេចាំបានថា បឺត សំរេច ក៏ជាកីឡាប្រដាល់ដែលមានឈ្មោះល្បីម្នាក់ដែរក្នុងចំណោមកីឡាករល្បីៗនាពេលកន្លងមក៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post