header ads

Sponsor

នៅលើបណ្ដាញសង្គមថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះពុទ្ធប្បដិមា «ព្រះអង្គផ្ចាញ់មារ» មួយអង្គកម្ពស់ ២៩ ម៉ែត្រ ដែលត្រូវបានគេលើកឡើងថា នៅបរិវេណវត្តវាល ក្រុងពោធិ៍សាត់ មានទម្រង់លំបាកមើល តែជុំវិញនឹងបញ្ហានេះដែរ លោក  សេង សុមុន្នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាថា កុំឱ្យផុសផុលទៅលើចំណុចអវិជ្ជមាន ខណៈចំណុចវិជ្ជមានមានច្រើនត្រូវជួយផ្សព្វផ្សាយផង ដែលពេលខ្លះព័ត៌មានអវិជ្ជមានដែលយើងទទួលបានហ្នឹងពិត ឬអត់ មិនទាន់ដឹងផង ត្រូវស្វែងរកការពិតទាំងអស់គ្នាសិន។

នេះបើយោងតាមការបញ្ជាក់របស់លោកប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ហើយទាក់ទងនឹងការលើកឡើងរិះគន់នេះដែរ លោកថាមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់នៅឡើយទេទាក់ទងនឹងការសាងសង់នេះ។

ដោយឡែកសម្រាប់​វិធានការវិញគឺមិនទាន់មាននៅឡើយទេ ព្រោះមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ មិនទាន់ដឹងថាមែន ឬមិនមែន ឬជាការកាត់តទេ ហើយលោកក៏ផ្ដាំផ្ញើដល់សារព័ត៌មានកុំឱ្យផុសផុលពេកទៅលើចំណុចអវិជ្ជមាន ដែលពេលខ្លះព័ត៌មានដែលយើងទទួលបានហ្នឹងពិត ឬអត់ ដែលធ្វើឱ្យមានការចុះខ្សោយ សាបព័ត៌មានរបស់យើង អ៊ីចឹងទេត្រូវស្វែងរកការពិតទាំងអស់គ្នាសិន ។

ហើយមួយទៀតត្រូវផ្សាយពីចំណុចវិជ្ជមានឱ្យបានច្រើន ព្រោះមានចំណុចវិជ្ជមានច្រើនណាស់ ទូទាំងប្រទេសមានចំនួន ៥១៣៣វត្ត តែយើងផ្សព្វផ្សាយបានតិចណាស់ តែមានរូបភាព អវិជ្ជមាន មិនដឹងពិត ឬមិនពិតផង នាំគ្នាផុសផុល ដែលជារឿងមួយយើងត្រូវគិតឡើងវិញ ថាជាការរិះគន់ដើម្បីស្ថាបនា ឬរិះគន់ដើម្បីប្រការណាមួយ យើងត្រូវតែគិតផងដែរ។

សូមជម្រាបជូនថា ជុំវិញនឹងរូបព្រះពុទ្ធប្បដិមានេះដែរមិនត្រឹមតែមានការលើកឡើងរិះគន់ក្នុងប្រទេសទេ ដោយក្នុងនោះក៏ឃើញមានការប្រៀបធៀបនៅឯប្រទេសថៃផងដែរ ដែលកត្តានេះហើយត្រូវបានអ្នកលេងបណ្ដាញសង្គមលើកឡើងថា បើសិនជាការពិតមែន ស្រុកខ្មែរមិនខ្វះអ្នកមានចំណេះជំនាញនោះទេ សូមព្រះចៅអធិការ គណៈកម្មការវត្តទាំងឡាយផ្ចិតផ្ចង់មុននឹងសង់អ្វីមួយ ជាពិសេសអាសូរដល់សទ្ធាពុទ្ធបរិស័ទផង។

ជូនសម្រាប់ការសាងសង់បែបនេះ ត្រូវដាក់ច្បាប់ចេញទៅមុននឹងសង់សំណង់ពាក់ព័ន្ធសាសនា និងវប្បធម៌គួរសុំសិទ្ធិពីស្ថាប័នពាក់ព័ន្ធ ចៀសវាងចេញរូបរាងមិនសមសួនបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post