មានការភ្ញាក់ផ្អើលខ្លាំងដោយមុននេះបន្តិចវីជេ ដាដា បានចេញវីដេអូឱ្យម្ចាស់ផលិតកម្មមហា ហង្សលោក អ៊ិន សុភិន ចេញមុខទូទាត់ទឹកប្រាក់ដែលលោកជំពាក់តាំងពីខែកុម្ភៈមក ។ វីជេ ដាដា បានបញ្ជាក់ថាបានទុកឱកាសឱ្យលោក អ៊ិន សុភិន ច្រើនដងហើយតែលោកមិនខ្វល់ទើបលោកសម្រេចចិត្តចេញវីដេអូបែបនេះ។
មិនមែនជាលើកដំបូងទេ ជាញយដងលោក អ៊ិន សុភិន តែងត្រូវបានអ្នកសិល្បៈលើកឡើងបែបនេះនៅតាមបណ្តាញសង្គម ។ ប៉ុន្តែថ្មីៗនេះវីជេ ដាដា បានលើកឡើងថាលោក អ៊ិន សុភិន ជំពាក់ប្រាក់លោកប្រមាណជិតមួយពាន់ដុល្លារតាំងអំឡុងខែកុម្ភៈ ដែលទឹកប្រាក់នេះគឺជាថ្លៃដែលលោកបានធ្វើជាពិធីករឱ្យលោក អ៊ិន សុភិន នៅក្នុងកម្មវិធីមួយ ។
មិនមែនមានតែរូបលោកទេ សូម្បីតែពិធីការិនីក៏លោក អ៊ិន សុភិន មិនបានទូទាត់ប្រាក់ឱ្យដែរ។ មុននឹងសម្រេចទារប្រាក់ពីលោក អ៊ិន សុភិន ជាសាធារណៈបែបនេះ វីជេដាដា បានទូរស័ព្ទ និងបានឆាតទៅ ជាបន្តបន្ទាប់តែលោក អ៊ិន សុភិន មិនតបទើបលោកសម្រេចចេញវីដេអូទារបែបនេះតែម្តង ។
ជាចុងក្រោយ វីជេ ដាដា បានប្រាប់លោក អ៊ិន សុភិន ថាលេងជាមួយអ្នកដទៃបាន តែកុំលេងជាមួយលោកព្រោះលោកមិនចូលចិត្តមានរឿងទេ តែបើមានរឿងកើតឡើងហើយក៏មិនទុកមុខឱ្យលោក អ៊ិន សុភិន ដែរ ។ វីដេ ដាដា បានសង្កត់ធ្ងន់ថា កន្លងមកលោកគោរពលោក អ៊ិន សុភិន តែទៅថ្ងៃក្រោយអាចមានរឿងអ្វីលើសនេះព្រោះថាធ្វើជាមនុស្សត្រូវរៀនទទួលស្គាល់និងឱ្យតម្លៃដល់អ្នកដទៃ ៕