header ads

Sponsor

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឱ្យមានការស្ដាយស្រណោះពីសាច់ញាតិយ៉ាងខ្លាំង ខណៈបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្រោយជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តកែច្នៃដឹកឥវ៉ាន់មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗនៅលើស្ពានច្បារអំពៅកាលពីវេលាម៉ោង៣៖០០ទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅលើស្ពានច្បារអំពៅ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ដែលមានផ្លាកលេខភ្នំពេញ1GL-2637 ធ្វើដំណើរក្នុងល្បឿនលឿន ឡើងស្ពានច្បារអំពៅ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុករថយន្តដឹកទំនិញ២តោនកន្លះ១គ្រឿង ដែលកំពុងសណ្តោងគ្នាលើស្ពាន បណ្តាលឲ្យស្លាប់តែម្តងនៅហ្នឹងកន្លែងកើតហេតុ ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តដឹកអីវ៉ាន់បានរត់គេចខ្លួនពីកន្លែងកើតហេតុ បន្សល់តែព្រូរថយន្ត និងរថយន្តដឹកដីដែលព្យាយាមជួយសណ្តោងរថយន្តដឹកអីវ៉ាន់ឆ្លងស្ពាន។

បើតាមនារីជាសង្សារបាន​ឱ្យដឹងថា មុនពេលកើតហេតុពួកគេទាំង២បានឈ្លោះគ្នា អំឡុងពេលជិះម៉ូតូជាមួយគ្នា រួចមកនារីជាសង្សារក៏បានខឹងចុះពីលើម៉ូតូ រួចបុរសរងគ្រោះក៏ជិះម៉ូតូចេញទៅ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង ព្រមទាំងយកយានយន្តទាំង២ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់រថយន្ត ចាត់ការបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post