header ads

Sponsor

ទោះបីរឿងរ៉ាវរបស់លោក បឺត សំរេច ហាក់ស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែថ្មីៗនេះអ្នកស្រាវជ្រាវប្រវត្តិតារាចម្រៀងសម័យទសវត្សឆ្នាំ ៦០ និង ៧០ លោក សេង ដារ៉ា បានបង្ហាញមុខបុរសម្នាក់ មានឈ្មោះថា ហង្ស សាលីម ដោយលោកបានបញ្ជាក់ថាជាបងប្រុសបង្កើតជាមួយលោក បឺត សំរេច ។ក្នុងនោះលោក ហង្ស សាលីម បានប្រាប់ថាលោក និងលោក បឺត សំរេច មានឪពុកម្តាយតែមួយជាមួយគ្នា។ 

បើតាមការសម្ភាសជាមួយលោក សេង ដារ៉ា លោក ហង្ស សាលីម បានប្រាប់ថាលោកមានឪពុកឈ្មោះ ធីម ឈាត  និងម្តាយឈ្មោះ ធីម វិជ្ជរ៉ា ហើយម្តាយរបស់លោកជាមេផ្ទះ តែសម្រាប់ឪពុកជាទាហ៊ានម្នាក់កាលសម័យដើម ។ ក្នុងនោះលោក ហង្ស សាលីម ក៏មិនដឹងច្បាស់លាស់ពីនាមត្រកូលរបស់ឪពុក និងម្តាយដូចគ្នាដែរ គ្រាន់តែលោកនិយាយថាលោកជាកូនច្បងយកត្រកូលតាមជីតាខាងម្តាយ ហើយសម្រាប់ប្អូនដទៃទៀតយកនាមត្រកូលខាងឪពុកគឺត្រកូល ធីម ។

ក្រៅពីបញ្ជាក់ថាអតីតកីឡាប្រដាល់លោក  បឺត សំរេច ជាប្អូនបង្កើត លោក ហង្ស សាលីម មិនបានចាំឈ្មោះបងប្អូនទាំង៧នាក់របស់លោកនោះទេដោយលោកប្រាប់ថាលោកបែកពីគ្រួសារមករស់នៅនិងរៀននៅវត្តតាំងពីតូច ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍លោក ហង្ស សាលីម បាននិយាយថាម្តាយឪពុករបស់លោកទើបស្លាប់ប្រមាណជា៥ឆ្នាំមុនប៉ុណ្ណោះ ។

ច្រើនឆ្នាំមុនលោក ហង្ស សាលីម ក៏ធ្លាប់បានមកជួបលោក បឺត សំរេច ជាប្អូនប្រុសនៅក្លឹបប្រដាល់មួយនៅផ្សារដីហុយ តាំងពីនោះមកលោកក៏មិនបានទាក់ទងគ្នាទៀតដែរ។ បងប្រុសបង្កើតរបស់លោក បឺត សំរេច ក៏បាននិយាយថាលោកក៏ចេះច្រៀងដែរកាលពីឆ្នាំ១៩៧៤លោកក៏ធ្លាប់បានដាក់ពាក្យប្រឡងចម្រៀងផងដែរ ។

សព្វថ្ងៃលោក ហង្ស សាលីម រស់នៅក្នុងភូមិដីថ្មី ស្រុកបាណន់ ខេត្តបាត់ដំបង ហើយលោកមានវ័យ ៦៧ឆ្នាំ ។ជាមួយនឹងការលេងវត្តមានរបស់បងប្រុសបង្កើតលោក បឺត សំរេច ធ្វើឱ្យមហាជនជាអ្នកតាមដាននៅក្នុងសាច់រឿងនេះកាន់តែស្មុគស្មាញហើយក៏ចង់ដឹងថាតើលោក បឺត សំរេច ពិតជាប្អូនប្រុសរបស់លោក ហង្ស សាលីម មែនឬបែបណា ? ព្រោះបើតាមការរៀបរាប់របស់លោក បឺត សំរេច  លោកមិនមានបងប្អូនបង្កើតទេ។ ទាក់ទងជាមួយរឿងនេះគេមិនទាន់ឃើញលោក បឺត សំរេច មានប្រតិកម្មអ្វីនៅឡើយទេ ។ ក្នុងនោះក៏មានមហាជនជាច្រើនបានលើកឡើងថាបើចង់ច្បាស់គ្មានអ្វីក្រៅពីធ្វើតេស្ត DNA ឡើយ តែសំខាន់ទាល់តែមានការចូលរួមសហការពីសំណាក់កូនស្រីច្បងលោក ស៊ីន ស៊ីសាមុត៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post