header ads

Sponsor

យោងតាម AMS SPORTS អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ថ្លែងថា សៀង ចន្ធា ពុំបានមក Pre-season នៅថៃ ព្រោះត្រូវត្រៀមចេញទៅលេងនៅលីគកាតារក្រោមកិច្ចសន្យាខ្ចីពីបឹងកេត។ សៀង ចន្ធា នឹងចេញដំណើរនៅថ្ងៃទី២២ កក្កដាដេីម្បីឱ្យទាន់ដំណេីរ Pre-season របស់ក្លិបថ្មីនៅកាតារដែលត្រូវចេញទៅ Pre-Season នៅអឺរ៉ុប។

បន្ថែមពីនេះ លោក បែ មករា អគ្គលេខាធិការក្លិបបានរៀបរាប់បន្ថែមថា៖ ជាច្រេីនរដូវកាលចុងក្រោយនេះ​ សៀង​ ចន្ធា​ ជាកីឡាករសំខាន់បំផុតម្នាក់ក្នុងជម្រេីស១១នាក់ដំបូងរបស់បឹងកេតនៅក្នុងការប្រកួតប្រជែងពានរង្វាន់នានា ទាំង Cambodian Premier League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ ក្នុងបាល់ទាត់ ដេីម្បីឈ្នះការប្រកួត យេីងត្រូវទាត់ឱ្យចូលទីគេ ហេីយដេីម្បីទាត់ចូលទីគេបាន យេីងត្រូវការខ្សែប្រយុទ្ធល្អ។ ចន្ធា​ គឺជាម្នាក់ក្នុងចំណោមនោះ។ ប៉ុន្តែបឹងកេតមិនគិតប្រយោជន៍របស់ខ្លួនធំជាងប្រយោជន៍ជាតិនិងកីឡាករនោះទេ។ តាំងពីដេីមមក នៅពេលមានឱកាសល្អសម្រាប់កីឡាករមកដល់ បឹងកេតមិនដែលរារាំងឡេីយ ផ្ទុយទៅវិញបឹងកេតមានតែលេីកទឹកចិត្តថែម ជំរុញថែមឱ្យកីឡាកររបស់ខ្លួនបានចេញទៅប្រកបអាជីពនៅក្រៅប្រទេស ទៅដល់លីគដែលល្បីជាង ខ្លាំងជាង ដេីម្បីលេីកស្ទួយមុខមាត់បាល់ទាត់កម្ពុជា ជ្រោងទង់ជាតិកម្ពុជាឱ្យបក់រវិចនៅលេីឆាកអន្តរជាតិ ដេីម្បីឱ្យអន្តរជាតិស្គាល់អំពីសក្ដានុពលកម្ពុជាកាន់តែច្រេីនឡេីង។ ជាមួយគ្នានេះ បឹងកេតចង់ឱ្យកីឡាករបាល់ទាត់កម្ពុជាឡេីងកម្រិតស្តង់ដាកាន់តែខ្ពស់ ក្លាយជាតួអង្គគំរូសម្រាប់យុវជនជំនាន់ក្រោយឱ្យមានក្ដីសុបិនធំនិងក្លាហាន​ ហ៊ានស្រមៃ​ និងអាចបោះជំហានវែងបានដល់ទីកាន់តែខ្ពស់នៅលីគក្រៅប្រទេសបានកាន់តែច្រេីន។

កន្លងទៅ​ បឹងកេតបានធ្វេីវាជាមួយកីឡាករ​ ចាន់​ វឌ្ឍនាកា​ ក្លាយជាកីឡាករកម្ពុជាដំបូងគេដែលលេងនៅជប៉ុន។ ឥឡូវនេះយេីងធ្វេីវាម្ដងទៀតជាមួយ​ សៀង​ ចន្ធា​ ឱ្យក្លាយជាកីឡាករកម្ពុជាដំបូងបង្អស់ដែលបានទៅលេងនៅលីគក្នុងប្រទេសកាតារ​ ខណៈនៅរង់ចាំការធ្វេីតេស្តសុខភាពមួយដំណាក់កាលទៀត។ នៅពេលតេស្តសុខភាពជោគជ័យ​ នៅទីនោះ​ ចន្ធា​ នឹងបានហាត់ជាមួយកីឡាករល្អៗ​ គ្រូបង្វឹកពូកែៗ​ លេងទល់នឹងក្រុមខ្លាំង​ៗ​ សម្រាប់ជាជំហានក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀតដែលអាចឱ្យគេឡេីងកម្រិតទៅលេងនៅលីគកាន់តែខ្ពស់និងកាន់តែធំ។ ប្រសិនអ្វីៗជោគជ័យ​ ខ្ញុំសង្ឃឹមថាយុវជនទាំងឡាយដែលកំពុងហាត់បាល់ទាត់នឹងកាន់តែមានភាពក្លាហាន​ក្នុងការស្រមៃឱ្យធំ​ សំដៅឱ្យខ្ពស់​ ដែលជាកម្លាំងចិត្តនៅក្នុងការប្រឹងប្រែងរបស់ពួកគេ​ និងមានកីឡាករខ្មែរគំរូល្អកម្រិតខ្ពស់សម្រាប់ពួកគេខិតខំតាម។ សូមជូនពរឱ្យ​ ចន្ធា​ ទទួលបានជោគជ័យនៅក្នុងបេសកកម្មថ្មីនិងធំមួយនេះ។

រូបភាព៖ ក្លិបបាល់ទាត់បឹងកេត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post