(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឲ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា មាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀលដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖
- * ណែនាំ ឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត
- * ធ្វើឲ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត
- * ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
បើតាម គ.ជ.ប, ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ យ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ផ្ទុយទៅវិញ គ.ជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើទុច្ចរិតរបអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន នឹងនាំបងប្អូនឲ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់៕