header ads

Sponsor

(ភ្នំពេញ)៖ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កំពុងដំណើរការទៅដោយរលូន និងគ្មានបាតុភាពអសន្ដិសុខណាមួយកើតឡើងនោះឡើយ។

ប៉ុន្ដែពេលការបោះឆ្នោតកំពុងដំណើរការនេះ មានក្រុមជនជ្រុលនិយមមួយចំនួន បានគូសខ្វែងចោលលើកសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកត្នោត និងបំផុតឲ្យអ្នកដទៃប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ហើយបានបង្ហោះចែកចាយនៅតាមបណ្ដាញសង្គម Facebook។

ភ្លាមៗក្រោយមានបាតុភាពនេះ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវប្រមូលភស្ដុតាង ចំពោះបុគ្គលទាំងឡាយណា ដែលបានប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចខាងលើ ដើម្បីយកមកចាត់ការតាមច្បាប់ ដោយគ្មានការលើកលែង។

លោក គឹម សន្ដិភាព បានថ្លែងយ៉ាងដូច្នេះថា «សមត្ថកិច្ចកំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាង ចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់នេះ ក្នុងបណ្តាញសង្គមនានា ដើម្បីចាត់វិធានច្បាប់ ដោយគ្មានការលើកលែង»

ជុំវិញទៅនឹងរឿងនេះដែរ នៅព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពត កំណត់បានរួចហើយនូវមុខសញ្ញាក្រុមជនមួយចំនួនដែលបាន «បង្ហោះផ្សព្វផ្សាយសន្លឹកឆ្នោតក្លែងក្លាយដោយគូសខ្វែងចោលសន្លឹកឆ្នោត» នៅថ្ងៃបោះឆ្នោតនេះ ក្នុងចេតនាទុច្ចរិត ញុះញង់ និងបំផ្លាញដំណើរការការបោះឆ្នោត ដែលទង្វើនេះជាការប្រព្រឹត្តបំពានច្បាប់ស្តីពីការបោះឆ្នោត។

យោងតាមប្រភពពីសមត្ថកិច្ចអនុវត្តច្បាប់ មុខសញ្ញា៤នាក់ដែលបំពានច្បាប់នេះនឹងត្រូវបញ្ជូនទៅតុលាការដើម្បីទទួលទោសតាមច្បាប់ជាធរមាន។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post