header ads

Sponsor

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣បានចាប់ខ្លួនស្ត្រីម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៥៥ "ហ" ដ.ច.ន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពេលស្ត្រីរូបនេះធ្វើមាតុភូមិនិវត្តន៍។

ជនល្មើសខាងលើមានឈ្មោះ ជា សុផល្លា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានអាសយដ្ឋានផ្ទះលេខ៥ (បុរីពិភពថ្មីសំរោងអណ្តែត) ផ្លូវលេខ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដាក់ក្រោមការពិនិត្យពីបទឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ជា សុផល្លា និងប្តីឈ្មោះ ឈាង សុភក្តិ បានមកខ្ចីប្រាក់ពីក្រុមហ៊ុន ៣ស៊ី ហ្គ្រោ ឯ.ក (3C GROW CO.,LTD) ចំនួន១៥៩,០០០ដុល្លារអាមេរិក) និងបានធានាអះអាងយកប្លង់ដីផ្ទាល់ខ្លួនមកដាក់បញ្ចាំធានាលើប្រាក់ដែលបានខ្ចី។ ដោយមានការជឿទុកចិត្ត ក្រុមហ៊ុនក៏បានប្រគល់ប្រាក់កម្ចីឲ្យប្តីប្រពន្ធមួយគូនេះ មុនពេលក្រុមហ៊ុនយកប្លង់ទៅដាក់បន្ទុកនៅមន្ទីរសុរិយោដី។

ក្រោយមក នៅពេលក្រុមហ៊ុនយកប្លង់ដីដែលប្តីប្រពន្ធមួយគូនេះបានដាក់បញ្ចាំ ទៅដាក់បន្ទុកនៅមន្ទីរសុរិយោដី ប្លង់ដីនេះត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ បញ្ជាក់ថា មានភាពមិនប្រក្រតី (ក្លែងក្លាយ) ព្រមទាំងបានធ្វើកំណត់ហេតុដកហូតប្លង់ដីនោះ ដើម្បីរក្សាទុកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ។ ក្រោយមកទៀត ក្រុមហ៊ុនបានព្យាយាមទាក់ទងទៅប្តីប្រពន្ធមួយគូនេះ ប៉ុន្តែពួកគេតែងគេចវេសមិនចូលខ្លួនមកដោះស្រាយជាមួយក្រុមហ៊ុនឡើយ។ លុះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ទើបក្រុមហ៊ុន ៣ស៊ី ហ្គ្រោ ឯ.ក (3C GROW CO.,LTD) សម្រេចប្តឹងប្តីប្រពន្ធមួយគូនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កន្លងមក ប្តីប្រពន្ធមួយគូនេះឈ្មោះអ្នកមានឥទ្ធិពលមកប្រើប្រាស់ធ្វើជាខ្នងបង្អែក ដើម្បីដាក់សម្ពាធ និងតទល់ជាមួយម្ចាស់បំណុល ក្នុងគោលដៅមិនទទួលខុសត្រូវ ហើយប្តីប្រពន្ធជើងខ្លាំងមួយគូនេះល្បីឈ្មោះ និងជំនាញខាងធ្វើប្លង់ក្លែងក្លាយ ដែលបានឆបោកលុយប្រជាពលរដ្ឋច្រើនលានដុល្លារអាមេរិកមកហើយ។ ម្យ៉ាងវិញទៀត ប្តីប្រពន្ធមួយគូនេះត្រូវបានជនរងគ្រោះជាច្រើនប្តឹងទៅតុលាការ ពាក់ព័ន្ធនឹងទង្វើទុច្ចរិតជាច្រើនផ្សេងទៀត ដែលសំណុំរឿងទាំងនោះកំពុងដំណើរការនៅតុលាការ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនគូកនដែលជាប្តី មានឈ្មោះ ឈាង សុភក្តិ អាយុ៤១ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១១២៨៧៩១៣ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ មានអាសយដ្ឋាន ផ្ទះលេខ១៥៧E0E1 ផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទចោទដូចប្រពន្ធខ្លួន ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post