header ads

Sponsor

រឿងមួយដែលកំពុងមានការជជែកវែកញែកយ៉ាងខ្លាំងនោះ ទាក់ទងនឹងគ្រូម្នាក់ដែលត្រូវបានគេថតបាន ហើយយកមកបង្ហោះនៅលើបណ្ដាញសង្គមដោយលើកឡើងថា បានដកកាំភ្លើងនៅកណ្ដាលក្រុមលេងបាល់ទាត់វិទ្យាល័យសម្តេចតេជោវត្តអង្គព្រះស្តេច ការពិតមិនមែនជាម្ចាស់កាំភ្លើងនោះទេ។

ករណីដែលមានការភ្ញាក់ផ្អើលនេះ ក្រោយពីទំព័រហ្វេសបុកដែលមានឈ្មោះថា «ឈាវ សំរស ឃុំបឹងត្រាញ់ខាងជើង» បានលើកឡើង ភ្ជាប់ជាមួយវីដេអូ រូបភាព ថា ៖ ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិបាលខេត្តតាកែវ នឹងជួយរកយុត្តិធម៌ដល់សិស្សវិទ្យាល័យ សម្តេច តេជោ ហ៊ុន សែន អង្គព្រះស្តេច ភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ( លឺថាបុគ្គលដកកាំភ្លើងនេះមានខ្សែធំ ខ្ញុំជាក្រុមប្រឹក្សាឃុំចង់ដឹងណាស់ថាវាធំប៉ុណ្ណា)។

ក្នុងនោះក៏មានពាក្យបណ្ដឹងមួយប្ដឹងមកលោក នាយប៉ុស្តិ៍នគរបាលបឹងត្រាញ់ខាងជើងផងដែរ ពាក់ព័ន្ធនឹងហិង្សាមកលើក្រុមបាល់ទាត់ដែលប្រកួតលេងបាល់ក្នុងលក្ខណៈមិត្តភាពនេះ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ដែលឈ្លោះគ្នាឈានដល់ការប្រើហិង្សា និងដកកាំភ្លើងគម្រាមបាញ់នៅស្រុកសំរោង ។

ជុំវិញនឹងរឿងនេះដែរ លោកអធិការនគរបាលស្រុកសំរោងបានឆ្លើយថា កំពុងស្រាវជ្រាវក្រោយកើតហេតុ ១សប្តាហ៍ ដោយឡែកមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានឈានដល់ការដកហូតអាវុធ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយកំពុងតាមចាប់ខ្លួនបន្ត ។

បើតាមការបញ្ជាក់ពីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ឱ្យដឹងថា អ្នកសៀតកាំភ្លើងនេះ មិនមែនជាម្ចាស់កាំភ្លើងទេ ជាអ្នកដកហូតកាំភ្លើងពីជនសង្ស័យជាកីឡាករ យកមករក្សាទុក ដើម្បីបញ្ចៀសការផ្ទុះអាវុធក្រោយមានហិង្សាកើតឡើងនៅក្នុងទីលានប៉ុណ្ណោះ ដូច្នេះសូមកុំមានកាភាន់ច្រឡំថាគាត់ជាម្ចាស់កាំភ្លើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post