នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ អតីត Miss Grand 2020 លឹម សុធាវី នឹងបានឃើញមុខសមាជិកដំបូងក្រោយរៀបការបានប្រមាណជា៥ខែ ។ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន ជាពិសេស ហ្វេន ហ្វេនរបស់ស្រីស្អាតរូបនេះមានការព្រួយបារម្ភនោះគឺ លឹម សុធាវិ តែងបង្ហោះសារហាក់ដូចជាកំពុងមានបញ្ហានៅក្នុងជីវិតគូដោយចុងក្រោយនេះនាងថែមទាំងពោលថាពពោះ ៩ខែមានតែទឹកភ្នែក ។
គេចាំបានថាអតីត Miss Grand 2020 តំណាងឱ្យខេត្តព្រះសីហនុ លឹម សុធាវី បានរៀបការជាមួយស្វាមីជាអ្នករកស៊ីកាលពីចុងខែមីនាឆ្នាំ ២០២៣ ហើយពេលនេះនាងក៏កំពុងពពោះកូនដំបូងដែលនឹងសម្រាលនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
អ្វីដែលកត់សម្គាល់កាន់តែកៀកដល់ថ្ងៃសម្រាលគេតែងឃើញ លឹម សុធាវី បង្ហាញអារម្មណ៍សោកសៅនៅក្នុងជីវិតហើយ ថែមទាំងបានបង្ហាញនូវរបួសដៃថែមទៀត តែមិនបានបញ្ជាក់ថារបួសដោយសារអ្វីឡើយ ។ យ៉ាងណាមិញថ្មីៗនេះក្រោយឃើញមិត្តរួមអាជីព អូនផ្កាយ ដែលកំពុងពពោះកូនដំបូងយ៉ាងមានក្តីសុខជាមួយស្វាមីនោះ លឹម សុធាវី បានត្អូញត្អែរថា «គេពពោះ9ខែមានតែសន្នាមញញឹម ញុំ9ខែមានតែទឹកភ្នែក»។
រាល់ការបង្ហោះសារសោកសៅរបស់ស្រីស្អាត លឹម សុធាវី គេតែងឃើញមានមិត្តភក្តិក៏ដូចជាអ្នកគាំទ្របានចូលទៅលើកទឹកចិត្តឱ្យនាងគ្រប់គ្នា ។ គួរឱ្យដឹងថាបន្ទាប់ពីបញ្ចប់តំណែង Miss Grand 2020 លឹម សុធាវី បានបន្តប្រឡូកក្នុងអាជីពសិល្បៈដោយបានលេចមុខនៅក្នុងកម្មវិធីនានាជាពិសេសការថតពាណិជ្ជកម្មឱ្យផលិតផលជាច្រើន តែក្រោយពីមានផ្ទៃពោះអតីតបវរកញ្ញារូបនេះបានផ្អាកពីសកម្មភាពទាំងនេះដើម្បីថែរក្សាសុខភាពខ្លួននិងកូនក្នុងផ្ទៃ៕