header ads

Sponsor

តាកែវ៖ក្រុមបាល់ទាត់ ខាងស្រុកបាទី និងខាងសំរោង ដែលមុនការប្រកួតមិត្តភាព ក៏កើតមានជម្លោះរហូតខាងស្រុកបាទី មានសមាជិកម្នាក់បានដែលជាសិស្ស តែមានកាំភ្លើងមកគំរាមខាងស្រុកសំរោង តែត្រូវប្រធានក្រុមខាងបាទី ដែលជាគ្រូបង្រៀនចូលមកឃាត់ និងដកកាំភ្លើងនោះមកសៀតនឹងចង្កេះ (ដូចដែលមានរូបភាពបង្ហោះតាមបណ្តាញសង្គម) ។

គ្រប់យ៉ាងមិនទាន់ចប់នោះទេខាងសំរោងបានប្ដឹង ខាងក្រុមបាទីទៅអាវុធហត្ថពីបទប្រើប្រាស់អាវុធគ្មានច្បាប់អនុញ្ញាតិ និងគំរាមថានឹងសម្លាប់ ស្របពេលនោះខាងបាទីក៏បានប្ដឹងទៅនាយប៉ុស្តិ៍រដ្ឋបាលបឹងត្រាញ់ខាងជើងផងដែរថាបង្ករឿងប្រើហិង្សា ដោយប្រើដាវ ដំបង ដុំថ្មគប់មកលើក្រុមបាទី។

យោងតាមរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង១២.១០នាទី បានឱ្យដឹងថា៖ បន្ទាប់ពីទទួលបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ នៅចំនុចភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ 

បើតាមរបាយការណ៍របស់កម្លាំងអាវុធហត្ថបានឱ្យដឹងថា នៅវេលាម៉ោង ១៦.២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រុមកីឡាបាល់ទាត់របស់សាលាសាសនាគ្រឹស្តស្រុកបាទី បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់ស្រុកសំរោង នៅកន្លែងកើតហេតុខាងលើ។

ក្នុងពេលប្រកួតក្រុមទាំងពីរក៏មានជម្លោះនឹងគ្នា ពេលនោះជនសង្ស័យ ឈ្មោះ ស្រុង ឈៀវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(សមាជិកក្រុមបាល់ទាត់ខាងស្រុកបាទី)បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកមួយដើមមកគម្រាមក្រុមបាល់ទាត់ខាងស្រុកសំរោង ពេលនោះប្រធានក្រុមបាល់ទាត់ខាងស្រុកបាទី ឈ្មោះ នួន តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាសាសនាគ្រឹស្តស្រុកបាទី បានចូលមកឃាត់ និងដកយកអាវុធខ្លីនោះពីជនសង្ស័យ មកសៀតនៅនឹងចង្កេះ (ដូចដែលមានរូបភាពបង្ហោះតាមបណ្តាញសង្គម)។

បន្ទាប់ពីមានការសម្របសម្រួលរួចក្រុមទាំងពីរក៏បានស្រុះស្រួលគ្នា និងបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។ លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីឈ្មោះ នួន តុលា (ប្រធានក្រុមបាល់ទាត់ស្រុកបាទី)បានយកអាវុធខ្លីខាងលើប្រគល់ជូនឪពុកជនសង្ស័យរួច នៅវេលាម៉ោង៩.២៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឪពុកជនសង្ស័យឈ្មោះ សែម ទ្រី អាយុ៥២ឆ្នាំ រស់នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានប្រគល់អាវុធខ្លីខាងលើ ដល់ការិយាល័យជំនាញដើម្បីរក្សាទុកធ្វើជាភស្តុតាង។ 

រីឯជនសង្ស័យបន្ទាប់ពីបានប្រព្រឹត្តិបទល្មើសរួច បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post