header ads

Sponsor

នេះជាលើកដំបូងដែលតារាចម្រៀង ប៉ាត់ សុធារ៉ា បានទម្លាយទាំងឈឺចាប់ថាគ្រួសាររបស់នាងពិតជារងសម្ពាធខ្លាំងអស់រយៈពេលប្រមាណជាង ១០ឆ្នាំក្រោយពីប្អូនប្រុសរបស់នាងបានក្លាយជាក្មេងញៀនថ្នាំដោយបំផ្លាញនូវទ្រព្យសម្បត្តិអស់ជាច្រើន។ ក្នុងនោះតារាចម្រៀងរូបនេះបានលើកឡើងថានាងពិតជាមិនខ្លាចក្នុងការមើលងាយពីសំណាក់មហាជនថាមានប្អូនប្រុសជាមនុស្សញៀនថ្នាំនោះទេព្រោះនាងចង់ចែករំលែកឱ្យឪពុកម្តាយមានការប្រុងប្រយ័ត្នកុំឱ្យកូនៗធ្លាក់ក្នុងការញៀនថ្នាំបែបនេះ។

តារាចម្រៀង ប៉ាត់ សុធារ៉ា បានរៀបរាប់ទាំងទឹកភ្នែកថានាងនិងម្តាយទ្រាំរស់នៅក្នុងសភាពឈឺចាប់ជាខ្លាំងដោយប្អុនប្រុសបានបំផ្លាញទ្រព្យសម្បត្តិជាច្រើន ។តារាចម្រៀងរូបនេះបានបន្ថែមទៀតថាមនុស្សដែលធ្លាប់តែល្អ តែនៅពេលញៀនថ្នាំប្រែទៅជាលែងដឹងអ្វីទាំងអស់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដែលធ្វើឱ្យនាងជាបងស្រី និងអ្នកម្តាយរស់នៅរងសម្ពាធនិងតឹងទ្រូងជាខ្លាំង ។

ដោយអស់ផ្លូវក្នុងការកែប្រែពេលនេះ តារាចម្រៀង ប៉ាត់ សុធារ៉ា បានសម្រេចនាំប្អូនប្រុសទៅមណ្ឌលកែប្រែឱកាសខ្ញុំដើម្បីផ្តាច់គ្រឿងញៀនដែលនាងជឿថាប្អូនប្រុសនឹងបានប្រសើរឡើងវិញក្រោយទទួលការផ្តាច់គ្រឿងញៀននៅមណ្ឌលនេះ។«នេះជាជម្រើសចុងក្រោយសម្រាប់ខ្ញុំព្រោះខ្ញុំមិនចង់ឱ្យប្អូនទៅឆ្ងាយខ្លាចគេធ្វើបាប»នេះជាសម្តី ប៉ាត់ សុធារ៉ា ។

មិនខ្វល់នៅក្នុងការមើលងាយពីសំណាក់មហាជនឬមិត្តភក្តិ តារាចម្រៀង ប៉ាត់ សុធារ៉ា បានសម្រេចចែករំលែករឿងប្អូនប្រុស ញៀនថ្នាំនៅតាមបណ្តាញសង្គមដើម្បីទុកជាបទពិសោធន៍ដល់ឪពុកម្តាយគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នជៀសវាងដូចប្អូនប្រុសរបស់នាងពិតជាពិបាកខ្លាំងណាស់។

បន្ថែមពីលើនោះតារាចម្រៀងរូបនេះក៏បានផ្តាំដល់ប្អូនៗក៏ដូចជាក្មួយៗទាំងអស់ឱ្យជៀសឆ្ងាយពីគ្រឿងញៀនព្រោះមិនត្រឹមតែប៉ះពាល់ដល់សុខភាពទេអាចធ្វើឱ្យបាត់បង់ស្មារតីប្រព្រឹត្តអំពើរអបាយមុខនានានាំឱ្យខូចអនាគតថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post