ពេលនេះដែរតារាសម្តែង សឿ សុធារ៉ា បានវិលមកប្រក្រតីវិញហើយមិនថាសុខភាពឬសម្រស់នោះទេ តែអ្វីដែលជាបញ្ហាចោទនោះនាងនៅតែមិនទាន់ទទួលបានការងារសិល្បៈនោះទេ ។ ខណៈអ្នកគាំទ្រជាច្រើននៅតែពេញចិត្តសមត្ថភាពក៏ដូចជាទេពកោសល្យរបស់តារាសម្តែង សឿ សុធារ៉ា នាពេលកន្លងមក ។
បើប្រៀបធៀបទៅនឹងប៉ុន្មានខែមុនឃើញថា សឿ សុធារ៉ា មានការប្រែប្រួលច្រើន ជាពិសេសសុខភាពផ្លូវចិត្តតែម្តង ។ចុងក្រោយនេះនាងក៏បានបង្ហាញមុខនៅក្នុងពិធីនានារបស់អ្នកសិ ល្បៈជាមួយកូនស្រីដូចជានៅក្នុងថ្ងៃទី ៣១នេះនាងនិង សាពូន ដារ៉ាពិមាន បានចូលរួមនៅក្នុងពិធីបុណ្យ៧ថ្ងៃរបស់ម្តាយតារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព ។
បើមើលតាមរូបរាងខាងក្រៅគេសម្គាល់ឃើញថា សឿ សុធារ៉ា មានការស្រស់ស្រាយច្រើនដោយមានសាច់ឈាមទ្រលុកទ្រលន់ជាងមុន ។ ប៉ុន្តែបើគេក្រឡេកមើលសកម្មភាពសិល្បៈរបស់តារាសម្តែងរូបនេះហាក់ស្ងាត់ច្រៀបតែម្តង ។
ខណៈដែល សឿ សុធារ៉ា មិនទាន់មានការងារសិល្បៈដូចមុននោះបើក្រឡេកមើលកូនស្រីច្បងរបស់នាង សាពូន ដារ៉ាពិមាន ក៏កំពុងបោះជំហានបណ្តើរៗដោយបានលេចមុខនៅក្នុងការថតបទចម្រៀង និងការថតម៉ូដសម្លៀកបំពាក់មួយចំនួនដោយសកម្មភាពសិល្បៈរបស់កុមារីរូបនេះក៏ទទួលបានការពេញចិត្តពីសំណាក់មហាជនផងដែរ ។អ្នកខ្លះក៏បានលាន់មាត់សរសើរដល់សំណាង សឿ សុធារ៉ា ដែលមានកូនស្រីនៅក្មេងតែមានទឹកចិត្តនិងការគិតដូចមនុស្សធំ៕