នេះជាលើកដំបូងដែលមហាជនជាអ្នកលេងបណ្តញសង្គមទាំងក្នុងនិងក្រៅប្រទេសបានឃើញសម្រស់នាដការីរបាំ សុខគា គឹមលាង គ្រងឈុតអប្បរាយ៉ាងស្រស់សោភារាំបង្ហាញនៅលើភ្នំទឹកកកនៃប្រទេសនូវែលហ្សេឡង់ ជាមួយនឹងកាយវិការយ៉ាងទន់ភ្លន់របស់នាដការីរបាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរស្ទើរគ្រប់គ្នា។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់ពីតារាសម្តែងក៏ដូចជានាដការីរបាំកញ្ញា សុខគា គឹមលាង ដែលតែងតែបង្ហាញទេពកោសល្យក៏ដូចជាសម្រស់របស់កញ្ញានៅក្នុងការរាំរបាំបុរាណ ។ យ៉ាងណាមិញថ្មីៗនេះស្រីស្អាតរូបនេះបានបង្ហាញឱ្យបរទេសបានឃើញពីវប្បធម៌របស់ខ្មែរតាមរយៈការស្លៀកសម្លៀកបំពាក់បុរាណជាមួយនឹងការបញ្ចេញនូវកាយវិការរាំយ៉ាងរស់រវើកនៅក្នុងរបាំអប្បរានៅលើភ្នំទឹកកកនៃប្រទេសនូវែលហ្សេឡង់ ។ ជាមួយនឹងអារម្មណ៍រីករាយ សុខគា គឹមលាង បានបង្ហាញនូវមោទកភាពដែលមានឱកាសបានរាំរបាំអប្សរានៅលើទឹកដីបរទេសបែបនេះ។
តាមរយៈការបង្ហាញក្បាច់រាំយ៉ាងទន់ភ្លន់អមដោយសម្លៀកបំពាក់យ៉ាងស្រស់ស្អាតមួយឈុតនេះនៅលើវាលទឹកកកសក្បុសកាន់តែធ្វើឱ្យសម្រស់របស់នាដការីរបាំរូបនេះលេចធ្លោមិនខុសពីទេពធីតានៅក្នុងរឿងព្រេងនិទានឡើយ ។
គួរបញ្ជាក់ក្រៅពីនាដការីរបាំ សុខគា គឹមលាង ក៏តែងលេចមុខនៅក្នុងឈុតឃោសនាផលិ ផលជាច្រើន ហើយកន្លងមកស្រីស្អាតរូបនេះក៏បានចូលរួមសម្តែងរឿងបុរាណក្នុងតំណែងជាតួឯកស្រីផងដែរ ។ ប៉ុន្តែយ៉ាងណា សុខគា គឺមលាង ធ្លាប់និយាយថា នាងមិនទទួលការសម្តែងរឿងសម័យឡើយ។ ដោយសាររូបរាងអំណោយផលរួមនិងសម្រស់ស្អាតពីធម្មជាតិទៀតនោះបានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមិនតិចទេចង់ឱ្យ សុខគា គឹមលាង ចូលប្រឡងផ្នែក វិស័យសម្រស់ តែស្រីស្អាតរូបនេះហាក់មិនចាប់អារម្មណ៍ឡើយ៕