header ads

Sponsor

តារាចម្រៀង សុះ ម៉ាច បានលើកឡើងច្បាស់ៗថា លោកបានស្គាល់ច្បាស់ពីសារធាតុរបស់មនុស្សហើយលោកក៏មិនបានច្រណែន និងតោងល្បីរឿង បឺត សំរេច ដែរ។ ប៉ុន្តែលោកសុំបញ្ជាក់ជាចុងក្រោយថាលោក បឺត សំរេច មិនមែនជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត  ឡើយតាមរយៈការសាកសួរពីរឿងរ៉ាវមួយចំនួនពីលោកយាយ ខាវ ថងញ៉ុត។

លោក សុះ ម៉ាច បាននិយាយថាលោកបានទៅជួបលោកយាយ ខាវ ថងញ៉ុត ក្នុងគោលបំណងសួរសុខទុក្ខមិនមែនចង់សួររឿង បឺត សំរេច ទេ ។ តែចៃដន្យលោកនឹកឃើញលោក បឺត សំរេច និយាយរឿងទារប្រាក់ពីរម៉ឺនដុល្លារក្នុងការធ្វើតេស្ត DNAរបស់អ្នកស្រី ស៊ីន យុទ្ធនា លោកក៏បានសួរអ្នកស្រី តែអ្នកស្រី បានច្រានចោលថាមិនដែលស្គាល់ឬខលមក បឺត សំរេច ម្តងណាឡើយ ។

លោក សុះ ម៉ាច បាននិយាយនៅក្នុងវីដេអូនៅមុននេះបន្តិចថា កន្លងមកលោកជឿ បឺត សំរេច  ៥០ភាគរយ តែពេលនេះលោកសុំបញ្ជាក់ច្បាស់ៗថាលោក បឺត សំរេច មិនមែនជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ឡើយ ។ លោកក៏បានសំណូមពរសុំឱ្យអតីតកីឡាប្រដាល់រូបនេះឈប់សម្តែង ឈប់បោកប្រាស់មហាជនទៀតព្រោះលោកក៏ទទួលបានលាភសក្ការៈច្រើនដែលមានទាំងផ្ទះ រថយន្ត និងកេរ្តិ៍ឈ្មោះទៀតផង ។

អ្វីដែលកត់សម្គាល់មហាជនជាច្រើននៅតែចង់ដឹងពីមូលហេតុដែលលោកយាយ ខាវ ថងញ៉ុត មិនឱ្យកូនស្រីធ្វើតេស្តបែបវិទ្យាសាស្រ្ត DNA ជាមួយលោក បឺត សំរេច ដើម្បីបញ្ចប់រឿងនេះ។ ប៉ុន្តែលោក សុះ ម៉ាច អះអាងថាបន្តិចទៀតក្រុមគ្រួសារកូនក្មួយរបស់លោកយាយ ខាវ ថងញ៉ុត នឹងចេញមុខបកស្រាយឱ្យបានច្បាស់ចំពោះរឿងនេះ។

ដ្បិតមិនទាន់មានភស្តុតាងជាក់លាក់ថាជាកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត ក្តី តែលោក បឺត សំរេច បានសម្រេចចិត្តចេញមុខជួសជុលផ្ទះកំណើតរបស់លោក​ ស៊ីន ស៊ីសាមុត ដែលជាផ្ទះឈើស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ដែលសព្វថ្ងៃទ្រុឌទ្រោមទៅហើយក្រោយពីលោកបានទៅលេងកាលពីមួយរយៈ   មុន។ បើតាមការលើកឡើងថាបានឱ្យដឹងថាទំហំនៅក្នុងការជួសជុលផ្ទះឈើនេះត្រូវចំណាយប្រមាណជា៥ពាន់ដុល្លារឯណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post