header ads

Sponsor

មានការវែកញែកព្រោងព្រាតក្រោយពីបានឃើញលោកគ្រូភ្លេង ម៉ម មិថុនា បានបង្ហោះសារថាលោកឪពុករបស់លោកដែលមានឈ្មោះថា ម៉ម ធឿន ជាអ្នកនិពន្ធបទចម្រៀង«ឱ!ភ្នំពេញអើយ»។ ខណៈសិល្បករការិនីរៀមច្បងរួមជាមួយអ្នកស្រាវជ្រាវបទចម្រៀងមួយចំនួនបញ្ជាក់ថាបទ «ឱ!ភ្នំពេញអើយ» ជាស្នាដៃនិពន្ធរបស់លោក កែវ ចិន្តា ជាអតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងជាអតីតអភិបាលរាជធានីភ្នំពេញ ។

 

លោក ម៉ម មិថុនា ត្រូវបានគេស្គាល់ថាគ្រូភ្លេងនៅក្នុងផលិតកម្មហង្សមាស និងជាស្វាមីរបស់អតីតតារាចម្រៀង ឌីកាន សុភនាថ ហើយលោកក៏ជាកូនប្រុសរបស់លោក ម៉ម ធឿន ដែលទើបទទួលមរណភាពកាលពីពេលថ្ងៃទី ២៧ សីហា កន្លងទៅនេះ ។

អ្វីដែលគួរឱ្យចាប់អារម្ម ណ៍ថ្មីៗនេះលោក ម៉ម មិថុនា បានបង្ហោះសារដោយភ្ជាប់ជាមួយបទសម្ភាសរបស់លោកឪពុក ម៉ម ធឿន កាលនៅមានជីវិតថា   «នេះជាបទសម្ភាសន៍លោកពុករបស់ខ្ញុំមុនពេលគាត់ធ្លាក់ខ្លួនឈឺ​ ដែលគាត់បាននិយាយអំពីបទចំរៀង​(​ ឱ​ ភ្នំពេញអើយ​ )​ ដែលជាស្នាដៃនិពន្ធរបស់គាត់គឺលោកពុកម៉ម​ ធឿន​ លោកអ៊ំ​ ជ័យ សោភា នឹងលោកពូ ​អ៊ឹម ​ឈឿន​ ដែលនិពន្ធបទភ្លេងដោយពុក​ និងនិពន្ធទំនុកច្រៀងដោយគាត់ទាំងបីនាក់​ ច្រៀងដោយអ្នកមីង​ សូ​ ចាន់នី ហើយបន្តិចទៀតខ្ញុំនឹងបង្ហោះសាក្សីដែលគាត់បាននិពន្ធជាមួយគ្នា​ ព្រោះគាត់នៅមានជីវិតនៅឡើយ ហើយការបង្ហោះរបស់ខ្ញុំនេះមិនមានចេតនាផ្ចាញ់ផ្ចាលរឺចង់ចាញ់ឈ្នះអ្វីនោះទេ​ ខ្ញុំបាទគ្រាន់តែចង់រក្សាស្នាដៃនឹងកេរ្ត៍ឈ្មោះរបស់ឪពុកខ្ញុំតែប៉ុណ្ណោះ​ ប្រសិនប។មានការខុសឆ្គងខ្ញុំបាទសុំអភ័យទោសទុកជាមុន»។

 

ជុំវិញការលើកឡើងរបស់លោក ម៉ម មិថុនា ក៏ត្រូវបានមហាជនមួយចំនួនបង្ហាញការភ្ញាក់ផ្អើលព្រោះបទ« ឱ!ភ្នំពេញអើយ » ជាបទល្បីល្បាញមួយដែលប្រជាជនខ្មែរចងចាំនិងស្គាល់គ្រប់គ្នា។ បទនេះតំណាងឱ្យ ការរស់រានឡើងវិញ ក្រោយពីប្រជាជន ខ្មែរបានរួចចាកផុតពីរបប ប្រល័យពូជសាសន៍ខ្មែរក្រហមអស់រយៈពេលជាង៣ឆ្នាំ។

ក្នុងនោះក៏មានការអះអាងពីសំណាក់អ្នកស្រាវជ្រាវបទចម្រៀងពីសម័យដើមរួមនឹងសិល្បករការិនីរៀមច្បងថាបទនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក កែវ ចិន្តា អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងជាអតីតចៅហ្វាងក្រុងភ្នំពេញសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ។បើតាមការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវបទចម្រៀងពីដើមបានឱ្យដឹងទៀតថា បទចម្រៀង« ឱ!ភ្នំពេញអើយ» ចេញផ្សាយដំបូងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ មកដល់សព្វថ្ងៃមានតារាចម្រៀងមិនតិចនាក់ទេបានយកបទនេះមកច្រៀងជាថ្មីឡើងវិញផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post