header ads

Sponsor

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺចំពោះករណីការចុះផ្សាយ​ថា​ មន្ត្រីប៉ូលិសមួយរូបឡើងស័ក្តិ និងតួនាទី​ នៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយក្រសួងមហាផ្ទៃចាត់ទុកថា សារព័ត៌មានអនឡាញដែលចុះផ្សាយតៗគ្នានេះខ្វះវិជ្ជាជីវៈ។

ជាមួយគ្នានេះដែរ សេចក្ដីបំភ្លឺព័ត៌មានបានចែករំលែកអំពីនីតិវិធីតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជាពិសេសដើម្បីបញ្ចៀសការភាន់ច្រឡំក្នុងចំណោមសាធារណមតិថា ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានបន្ថែមថា ក្នុងនោះការដំឡើងឋានន្តរស័ក្តិ និងការតែងតាំងមុខតំណែងមន្ត្រីរូបនេះ គឺបានអនុវត្តតាម មាត្រា១៤ នៃព្រះរាជក្រឹត្យខាងលើយ៉ាងហ្មត់ចត់ ពោលគឺបានបំពេញនូវលក្ខណសម្បត្តិជាអាទិ៍ «ការគោរពវិន័យ ការចាត់តាំង កិរិយាមាយាទនិងសីលធម៌ សមត្ថភាពបំពេញភារកិច្ច ទំនាក់ទំនង ការងារ សុខភាព និងចំណេះដឹង»។ លើសពីនេះក៏យោងតាមមាត្រា១៦ នៃព្រះរាជក្រឹត្យដដែល ដែលបានចែងយ៉ាងជាក់លាក់ថា «...ក្នុងករណីមន្ត្រីនគរបាលជាតិកម្ពុជាណាម្នាក់បំពេញការងារមាន ស្នាដៃល្អពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ដោយពុំគិតពីល័ក្ខខ័ណ្ឌ និងអតីតភាពឡើយ»។

ម្យ៉ាងទៀត យោងតាមគោលការណ៍«បំពេញប្រអប់»ដែលបាននិងកំពុងអនុវត្តការដំឡើងឋានន្តរស័ក្តិ គ៏បានធ្វើស្របនឹងមុខតំណែងជា «នាយរងការិយាល័យ» ដោយផ្អែកតាមបញ្ញត្តិទាំងឡាយនៃព្រះរាជក្រឹត្យខាងលើ និងលិខិតបទដ្ឋានគតិយុត្តនានាឥតប្រាសចាក។

ជាការកត់សម្គាល់របស់អង្គភាពសាមី មន្ត្រីរូបនេះមានឧបនិស្ស័យ និងលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ស្នើសុំដំឡើងឋានន្តរស័ក្តិ និងតែងតាំង។ ពោលគឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ «ពាណិជ្ជសាស្ត្រ» និងជាពិសេសបានបញ្ចប់វគ្គ «បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» តាម ការកំណត់របស់ក្រសួងមហាផ្ទៃ។ បន្ថែមពីនេះ មុននឹងជាប់ក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ផ្នែក សន្តិសុខសាធារណៈ មន្ត្រីរូបនេះធ្លាប់ជាមន្ត្រីកិច្ចសន្យានៅនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៦មកម្ល៉េះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post