ក្រោយពីបានឃើញរូបភាពដ៏កម្សត់របស់ ស្រីតូច អង្គុយសំពះនៅមុខរូបថតរបស់លោកឪពុកដែលឃើញហើយពិតជារំជួលចិត្តស្ទើរទប់ទឹកភ្នែកមិនជាប់បើទោះមិនមែនជាសាច់ញាតិក្តី ត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម។ ពេលនេះបងប្រុសរបស់អ្នកនាង ស្រីអូន បានចេញមុខទទូចសុំឱ្យបញ្ឈប់ការបង្ហោះរូបភាពរបស់ ស្រីតូច ដែលជាកូនស្រីតែមួយរបស់ឧកញ៉ា ឈាង រ័ត្ន និង ស្រីអូន ទៀតដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ម្តាយកំពុងសម្រាកនៅលើគ្រែពេទ្យនាពេលនេះ ។
បើតាមគណនីយដែលមានឈ្មោះថា Sereyratha noun ជាបងប្រុសបានបង្ហោះសាររៀបរាប់ថា «ខ្ញុំសូម លើកម្រាមដៃដប់ សុំអង្វរដល់ មិត្តភ័ក្ដិ បងប្អូនក្នុង FB ឈប់បង្ហោះរូប ក្មេងស្រីតូចម្នាក់នេះទៀតទៅ ខ្ញុំឃើញរូបភាពគាត់ហើយ ខ្ញុំស្លុតចិត្តដូចគ្នា ដូចអ្នកទាំងអស់គ្នាណាស់ តែអំឡុងពេលនេះ ម្តាយកូនតូច កំពុងគេងលើគ្រែពេទ្យនៅឡើយទេ! គាត់បាត់បង់ឪពុកហើយ តើបងប្អូន ចង់ឃើញ គាត់បាត់បង់ម្តាយម្នាក់ទៀត មែន ? ខ្ញុំសួរ ! សូមអង្វរ សូមអង្វរ សូមអង្វរ បើអាណិតក្មេង សូមលុបរូបវិញទៅ ព្រោះម្តាយនាងមិនទាន់ក្រោកកពីគេងទេ! សូមកុំអោយម្តាយឃើញរូបភាព ខ្លោចផ្សារបែបនេះ!»។
ក្នុងនោះបងប្រុសរបស់អ្នកនាង ស្រីអូន បានបញ្ជាក់ថាមិនមែនជាកំហុសរបស់បងប្អូននៅក្នុងបណ្តាញសង្គមទេហើយលោកក៏ដឹងថាការចែកចាយរូបភាពទាំងនេះជាចេតនាល្អ តែរូបនេះមើលទៅចាក់ដោតខ្លាំងពេកសម្រាប់ក្រុមគ្រួសារលោក ។
មួយវិញទៀតពេលនេះអ្នកនាង ស្រីអូន ក៏កំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ មិនខុសពីពាក្យពោលថា ស៊ូព្រាត់រស់កុំឱ្យព្រាត់ស្លាប់ ពិបា កទទួលយកណាស់ ជាពិសេសអ្នកនៅរស់តែម្តង ៕