header ads

Sponsor

ជឿជាក់ថាមិត្តភក្តិក៏ដូចជាអ្នកគាំទ្រជាច្រើនបានបង្ហាញការអបអរសាទរក្រោយពីបានឃើញសម្ដេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណៈផ្សំផ្គុំស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍លោក ឌី ពេជ្រ ។ មិនតែប៉ុណ្ណោះសម្តេចក៏បានបញ្ជាក់ពីពេលាល្អនៅក្នុងថ្ងៃក្រាបផ្ទឺមរបស់ពិធីការិនីរូបស្រស់នេះផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍តាមរយៈរួបភាពអនុស្សាវរីយ៍ទាំងនេះគេជឿថាចំណងស្នេហ៍របស់ពិធីការិនីរូបនេះមិនតិចឆ្នាំនោះទេទម្រាំប្រកាសជាចំហនៅក្នុងពេលនេះ ។ 

មិនត្រឹមតែមានសម្រសផូរផង់បែបធម្មជាតិប៉ុណ្ណោះទេ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ក៏មានសមត្ថភាពខ្ពស់នៅក្នុងអាជីពសិល្បៈមិនថាការសម្តែងឬពិធីការិនីនោះទេ ។ អ្វីដែលគួរឱ្យសរសើរ ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនដែលពើបប្រទះ រឿងអាស្រូវអ្វីឡើយ ។ កន្លងមកគេក៏មិនដែលឃើញពិធីការិនីរូបនេះបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាម្នាក់នោះទេ បើទោះកន្លងមកមានការផ្គូផ្គងនាងជាមួយតារាសម្តែងលោក សេង មង្គល ពីសំណាក់អ្នកគាំទ្រក្តី ។ ប៉ុន្តែចុងក្រោយនេះមានការសង្ស័យក្រោយមានការលេចធ្លាយរូបភាពរបស់ ហ៊ិន ច័ន្ទនីរ័ត្ន និងបុរសរូបសង្ហាម្នាក់នៅក្នុងដំណើរកម្សាន្តនៅប្រទេសអាមេរិក ។ ប៉ុន្តែយ៉ាងណា ស្រីស្រស់រូបនេះនៅតែបដិសេធដោយនាងបាននិយាយថា ព័ត៌មានមួយចំនួនចុះផ្សាយគ្មានការពិត ។ 

ប៉ុន្តែពេលនេះអ្វីៗត្រូវបានលាតត្រដាងដោយសម្ដេចតេជោ ហ៊ុន សែន បានចេញមុខប្រកាសផ្សំផ្គុំរូបនាងនិងគូស្នេហ៍លោក ឌី ពេជ្រ ជាសាធារណៈនៅក្នុងថ្ងៃទី ២៦នេះហើយថ្ងៃស្អែកជាថ្ងៃភ្ជាប់ពាក្យរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ជាផ្លូវការតាមប្រពៃណីខ្មែរផងដែរ ។ សម្រាប់ពិធីរៀបមង្គលការគឺធ្វើឡើងនៅក្នុងថ្ងៃទី២២ ធ្នូខាងមុខ ។ ជាមួយនឹងការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យអ្នកគាំទ្ររបស់ ហ៊ិន ច័ន្ទនីរ័ត្ន មានការអបអរសាទរនិងជូនពរចំពោះនាងគ្រប់គ្នា ។

ស្របជាមួយគ្នានេះក៏មានការទម្លាយរូបភាពអនុស្សាវរីយ៍ជាច្រើនរបស់ ហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍ជាច្រើនដែលបញ្ជាក់ឱ្យដឹងថាអ្នកទាំងពីរបានភ្ជាប់ស្នេហ៍មិនតិចឆ្នាំទេទម្រាំឈានដល់ថ្ងៃនេះ ។ ជាមួយគ្នានោះក៏មានការលាន់មាត់សរសើរពីសំណាក់ហ្វេន ហ្វេន ថាពិតជាមិនធម្មតា អាយដល់របស់ខ្លួន Private រាប់ឆ្នាំទើបទម្លាយដល់ថ្ងៃចូលរោងការល្មម ។គូស្នេហ៍របស់ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់លោក ឌឺ ចូច ជាសាច់ញាតិរបស់សម្តេចតេជោ ហ៊ុន សែន៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post