ថ្វីដ្បិតមានវ័យជ្រេរៀងខ្លួនក្តី តែតារាសម្តែងលោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី នៅតែជាដៃគូដែលស័ក្តិសម ។យ៉ាងណាមិញថ្មីៗនេះតារារៀមច្បងទាំងពីរដួងបានបង្ហាញវត្តមានរួមគ្នានៅក្នុងរឿងភាគបុរាណខ្នាតធំរបស់លោក ហ្វៃ សំអាង ដែលធ្វើឱ្យអ្នកគាំទ្រអន្ទះសាររង់ចាំទស្សនាគ្រប់គ្នា ។ អ្វីដែលកត់សម្គាល់ខណៈអ្នកស្រី អម្ពរ ទេវី ត្រៀមត្រឡប់ទៅសហរដ្ឋអាមេរិកវិញតារាសម្តែងទាំងពីរបានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតបែបបុរាណដើម្បីទុកជាអនុស្សាវរីយ៍។
ជាមួយរូបភាពដ៏ស្រស់ស្អាតនៅក្នុងឈុតសម្លៀកបំពាក់បែបបុរាណរួមជាមួយនឹងការកាន់ប្រទីបយ៉ាងស្រស់ស្អាតជាមួយដៃគូអ្នកស្រី អម្ពរ ទេវី លោក ទេព រិនដារ៉ូ បានរៀបរាប់ថា«ជិតដល់ថ្ងៃបុណ្យអ៊ុំទូកបណ្តែតប្រទីប នឹងសពះព្រះខែ ហើយបងប្អូនរួមជាតិជាទីស្នេហា មុនពេលចាកចេញត្រឡប់ទៅអាមេរិចវិញ យើងទាំងពីរនាក់បានធ្វើរូបនេះឡើងដើម្បីទុកជាអនុស្សាវរីយ៌នឹងផ្ញើជូនប្រីយមិត្តដែលគាំទ្រទាំងអស់ដោយក្តីស្រឡាញ់នឹងជាការនឹករលឹករបស់ពួកយើង នឹងសូមគោរពជូនពរបងប្អូនរួមជាតិ ទាំងអស់ជួបប្រទះតែសេចក្តីសុខសប្បាយ សំណាងល្អ ចំរុងចំរើន សុខភាពល្អបរិបូរណ៌ ជោគជ័យការងារ នឹងសុវត្ថិភាពទាំងអស់គ្នា »។
រូបភាពដ៏ស្រស់ស្អាតរបស់តារាជើងចាស់ទាំងពីររូបនេះក៏ទទួលបានការពេញចិត្តពីសំណាក់មហាជនជាច្រើនដោយម្នាក់ៗលាន់មាត់ថាអ្នកទាំងពីរគឺជាដៃគូសម្តែងដែលស័ក្តិសមពោរពេញទៅដោយសមត្ថភាព ។ ខ្លះថាចាស់ហើយតែតារាទាំងពីរនៅតែស្រស់ស្អាតដដែល ។
គួរបញ្ជាក់ថាក្រៅពីបង្ហាញវត្តមានរួមគ្នានៅក្នុងការសម្តែងរឿងលោក ទេព រិន ដារ៉ូ និងតារាសម្តែង អម្ពរ ទេវី ក៏បានលេចមុខរួមគ្នានៅក្នុងកម្មវិធីមួយដោយបានបកស្រាយបទចម្រៀងរួមគ្នាយ៉ាងពីរោះ ផងដែរ ។ អ្វីដែលកត់សម្គាល់នៅពេលដែលត្រូវពិធីករសួរថាតើលោក ទេព រិនដារ៉ូ មានអារម្មណ៍បែបណាពេលមហាជនផ្គូផ្គងកាលពីកំលោះក្រមុំ។ លោក ទេព រិនដារ៉ូ បានឆ្លើយដោយមិនលាក់លៀមថាមិនមែនមានតិចទេគឺខ្លាំងតែម្តង ដែលធ្វើឱ្យដៃគូអ្នកស្រី អម្ពរ ទេវី អឹមអៀនជាខ្លាំង ៕