header ads

Sponsor

មហាជនជាច្រើនបានសម្តែងការសោកស្តាយក្រោយដឹងថាអតីតតារាសម្តែងលោក ពេជ្រ ភិរុណ បានទទួលមរណភាពដោយជំងឺនៅក្នុងថ្ងៃទី ២៦ នេះនៅមន្ទីរពេទ្យព្រះកេតុកមាលា។ អ្វីដែលកាន់តែក្តុកក្តួលនោះពិធីបូជាសពរបស់លោកក៏នឹងធ្វើឡើងនៅរសៀលថ្ងៃដដែលនេះនៅវត្តទួលរាជា។ បើតាមការលើកឡើងរបស់លោក ឯម រៀម បានឱ្យដឹងថាមូលហេតុសពអតីតតារាសម្តែងរូបនេះបូជាលឿនបែបនេះដោយសារលោកចែកឋានចំថ្ងៃព្រះរាជពិធីបុណ្យអុំទូក។

ធ្លាប់ជាអតីតតារាសម្តែងដែលមានប្រជាប្រិយភាពនាទសវត្ស ៨០ និង ៩០​ដែលសមត្ថភាពនិងទេពកោសល្យរបស់លោកក៏ទទួលបានការគាំទ្រនិងស្រឡាញ់ពីសំណាក់ទស្សនិកជនជាច្រើនដែលបានទស្សនាការសម្តែងរបស់លោកនាពេលកន្លងមក ។ ក្រៅពីអាជីពសិល្បៈលោក ពេជ្រ ភិរុណ ក៏ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់បុរសនារីដ៏ចំណានម្នាក់ដែរ ។អ្វីដែលកត់សម្គាល់ ការបាត់បង់រូបលោកបានបន្សល់នូវការសោកស្តាយអាលោះអាល័យពីសំណាក់សាច់ញាតិនិងទស្សនិកជនជាច្រើន ។

ប៉ុន្តែអ្វីដែលកាន់តែកម្សត់នោះទិដ្ឋភាពពិធីបុណ្យសពរបស់លោក ពេជ្រ ភិរុណ ហាក់មានភាពស្ងាត់ជ្រងំដែលគេឃើញមានតែ កូនស្រី ប្អូនប្រុសលោក និងលោក ឯម រៀម ជាអ្នករាប់អានស្និទ្ធស្នាលតែប៉ុណ្ណោះ ។ បើតាមការរៀបរាប់របស់លោក ឯម រៀម បានឱ្យដឹងថាសពរបស់លោក ពេជ្រ ភិរុណ នឹងធ្វើការបូជានៅរសៀលល្ងាចថ្ងៃនេះតែម្តងនៅវត្តទួលរាជា ។

បើតាមប្រភពបន្ថែមទៀតបានឱ្យដឹងថាមុនទទួលមរណភាពលោក ពេជ្រ ភិរុណ ដែលមានវ័យ ៧០ឆ្នាំនោះបានចូលសម្រាកនៅបន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើនថ្ងៃមកហើយ ។ គេមិនទាន់ដឹងថាតើពិធីបូជាសពរបស់អតីតតារាសម្តែងដ៏ល្បីរូបនេះនឹងមានការចូលរួមពីសំណាក់អតីតមិត្តរួមអាជីពឬយ៉ាងណានោះទេនៅរសៀលថ្ងៃនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post