header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះគេបានឃើញពិធីករលោក អ៊ឹង រដ្ឋា ហៅ នាយទុយ កាន់តែជោគជ័យនៅក្នុងមុខជំនួញ។ យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃមុននេះលោក អ៊ឹង រដ្ឋា បានបើកសម្ពោធភោជនីយដ្ឋានមួយកន្លែងបន្ថែមទៀតដោយមានការចូលរួមអបអរសាទរពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន ។ 

ក្រៅពីអាជីពជាពិធីករនៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិនមួយរយៈមុនលោក អ៊ឹង រដ្ឋា ក៏បានបោះទុនជាច្រើនដើម្បីបើកក្លឹបមួយកន្លែងដែលមានទីតាំងនៅម្តុំកោះពេជ្រ ។ ក្រោយពីក្លឹប ទទួលបានការគាំទ្រពីសំណាក់អតិថិជនស្រាប់តែពេលនេះពិធីករដែលនិយមសម្តែងជាតួភេទទីបីរូបនេះបានបោះទុនបើកភោជនីយដ្ឋានមួយកន្លែងទៀតដែលមានឈ្មោះថា នីវនីវ ដែលបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ០១កន្លងទៅ ។ បើតាមការលើកឡើងរបស់លោក អ៊ឹង រដ្ឋា មុខរបរថ្មីនេះលោកបានបោះទុនមិនតិចជាង ៣០ម៉ឺនដុល្លារឡើយ ។

ពិធីករវ័យជាង ៤០ឆ្នាំរូបនេះបានបញ្ជាក់ថាទាំងក្លឹបនិងភោជនីយដ្ឋាន សុទ្ធតែជារបស់លោក ហើយលោកក៏មានគម្រោងមុខរបរត្រូវដើរជាបន្តបន្ទាប់ទៀតគ្រាន់តែពេលនេះមួយជំហានម្តងៗប៉ុណ្ណោះ ។ ភាពជោគជ័យរបស់លោក អ៊ឹង រដ្ឋា ក៏បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមត្រេកអរជា  ច្រើន។ 

ដ្បិតមានជំនួញពេញដៃដែលសុទ្ធតែជាជំនួញធំគ្រាក់ៗ តែលោក អ៊ឹង រដ្ឋា បានបញ្ជាក់ថាលោកនៅតែជាបុគ្គលិកទូរទស្សន៍ស៊ីធីអិនដដែល មិនបានបោះបង់ទេ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកសោកស្តាយគឺនៅពេលដែលលោកជោគជ័យបែរជាអវត្តមានម្តាយ និងប្អូនស្រីដែលបានលាចាកលោកទៅ។ពិធីកររូបនេះបន្ថែមថាប្រសិនម្តាយក៏ដូចជាប្អូនស្រីរបស់លោកនៅរស់ប្រាកដជារីករាយនៅពេលឃើញលោកដើរដល់ផ្លូវមួយនេះ ។ ទោះមុខជំនួញបន្តបន្ទាប់កំពុងដំណើរការល្អក្តី តែពិធីករលោក អ៊ឹង រដ្ឋា នៅរក្សាឈ្មោះជាបុរសពោះម៉ាយ ខណៈលោកបានបែកបាក់ជាមួយអតីតភរិយាជាកូនអ្នកជំនួញដីធ្លីដ៏មានឥទ្ធិពលកាលពីច្រើនឆ្នាំមុន ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post