មិនមែនជាលើកដំបូងទេជាញយដងលោក គួច ខេវិន ដែលជាអតីតអគ្គនាយករងទូរទស្សន៍CTN, និងទូរទស្សន៍អាស៊ីអាគ្នេយ៍នោះតែងចែករំលែកនូវគំនិតមួយចំនួនទៅដល់មហាជនក៏ដូចជាមិនភក្តិនៅក្នុងបណ្តាញសង្គម ។ យ៉ាងណាមិញថ្មីៗនេះលោក គួច ខេវិន បានបង្ហោះសារយ៉ាងចាក់ដោត ដែលស្តាប់ហើយពិតជាមានន័យនិងបង្កប់ទៅដោយខ្លឹមសារអប់រំថែម ទៀត។
លោក គួច ខេវិន បានបង្ហោះសំណេរយ៉ាងវែងអន្លាយដែលមានអត្ថន័យថា«ក្រឡេកមើលកៀនកោះឆ្វេងស្តាំលិចកើតមួយត្រួសទៅឃើញមនុស្សម្នាសន្ធឹកសន្ធាប់គួរសមនៅតែ"ដេកផ្សំដួល រមួលផ្សំគ្រិច" យកពាក្យវិបត្តិសេដ្ឋកិច្ចសល់ពីកូវីដ រហូតមកដល់សង្គ្រាមអ៊ុយក្រែន ធ្លាយដល់អ៊ីស្រាអែលនឹងហាម៉ាស់ យកមកដាក់បាំងភ្នែកហើយសម្ងំដេកសញ្ជឹងរវើរវាយ ជាមួយជំនឿមិនពិចារណា ។
ចូរក្រឡេកមើលប្រទេសជិតខាងៗយើងផង បើគេជួបវិបត្តិសេដ្ឋកិច្ច ម៉េបានជាគេខ្វះពលករ ម៉េចក៏ទេសចរណ៍សម្រុកចូលមកកំសាន្ត អ្នក វិនិយោគបុកក្បាលគ្នាចូលទៅរកស៊ី ប្លែកអីតែយើង ? យើងតែងយល់ច្រឡំថាសឹង្ហបូរីជាប្រទេសអ្នកមាន ក៏ប៉ុន្តប្រជាជនប្រទេសនោះគេធ្វើការម្ង៉ៃៗលើសពី8ម៉ោងគ្រួសារនិមួយៗរកតែពេលទទួលទានបាយជុំគ្នាមិនបាន គឺរវល់រៀងៗខ្លួន ចំណែកស្រុកយើងមានអ្នកខ្លះខ្វះលុយខ្ចីបុលធនាគារ មីក្រូហិរញ្ញវត្ថុ អត់អីសងក៏រត់ទៅ "បក់ផ្លិត"ឲ្យម្ចាស់បំណុល បរវាសចៀសឆ្ងាយ កុំចូលមកទារលុយអញ? បើមិនខំធ្វើការរកស៊ី បក់យ៉ាងម៉េចក៏លុយមិនចូល ម្ខាស់បំណុលមិនខ្ទាតចេញដែរ ម៉្ងៃៗចាំតែដេកភ័យនឹងគេតេមកទារលុយទៅ?តែមិនរវល់ធ្វើការ ផ្សងវាសនាតែជាមួយគម្របកំប៉ុងស្រាបៀរ? ល្មមភ្ញាក់ទៅកុំលង់លក់យូរពេក គិតមុខគិតក្រោយមុននឹងទៅបក់ផ្លិតស្វែងរកសំណាងធ្លាក់ពីលើមេឃ!បើមិនជួយខ្លួនឯង ទេព្តាក៏មិនអាចជួយយើងបានដែរ!!! »។
ជុំវិញការលើកឡើងរបស់លោក គួច ខេវិន ក៏ត្រូរបានអ្នកលេងបណ្តញសង្គមមួយចំនួនគាំទ្រព្រោះជាការចែករំលែកមួយដែលបង្កប់ទៅដោយការអប់រំ ជាពិសេសសមស្របទៅនឹងបរិបទរបស់សង្គមនាពេលបច្ចុប្បន្ន ។ ក្នុងនោះក៏មានអ្នកខ្លះបានអរគុណដល់លោកដែលហ៊ានលើកឡើងត្រង់ៗបែបនេះនៅក្នុងបណ្តាញសង្គម ៕