មានការរំភើប និងចូលរួមត្រេកអរពីសំណាក់អ្នកលេងបណ្តាញសង្គមចំពោះលោក បូរ ភ័កត្រា ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយ និងចាងហ្វាងទូរទស្សន៍អនឡាញរំដួលធីវី ដែលត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ទំនុកចិត្តដោយសម្រេចឱ្យលោក និងក្រុមការងារក្លាយជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅក្នុងថ្ងៃទី ០៤នេះ។
លោក បូរ ភ័កត្រា ដែលអ្នកលេងបណ្តាញសង្គមមួយចំនួនហៅថាបុរសនាំសំណាងនោះត្រូវបានគេចាត់ទុកជាបុគ្គលមួយរូបដែលឆ្នើមនៅក្នុងបណ្តាញសង្គម ព្រោះលោកមិនត្រឹមចែកចាយក៏ដូចជាផ្សព្វផ្សាយព័ត៌មាននានានោះទេ លោកថែមទាំងបានជួយដល់សង្គមដផោយការធ្វើការងារសប្បុរសធម៌ជាច្រើនដូចជាការជួយផ្តល់ជាអំណោយដល់អ្នកទីទ័លខ្វះខាតដែលរស់នៅតំបន់ដាច់ស្រយាល ក៏ដូចជាជួយជ្រោមជ្រែងដល់ក្មេងៗដែលមិនមានលទ្ធភាពឱ្យបានសិក្សាដូចក្មេងទូទៅ ។
ជាមួយនឹងសកម្មភាពជួយនាំអំណោយដល់ដៃអ្នកមានជីវភាពទ័លលំបាកពិតៗរបស់ចាងហ្វាងទូរទស្សន៍អនឡាញរំដួលធីវីរូបនេះក៏ទទួលបានការស្រឡាញ់ និងគាំទ្រចំពោះសកម្មភាពរបស់លោកពីសំណាក់មហាជនជាច្រើន ។
ដោយមើលឃើញពីសកម្មភាពការងាសប្បុរសធម៌របស់លោក បូរ ភ័កត្រា ដោយមិនគិតពីផលប្រយោជន៍នោះពេលនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត និងឱកាសដោយសម្រេចទទួលស្គាល់លោក និងក្រុមការងារជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាកបានភ្លាមៗដល់អ្នកងាយរងគ្រោះបំផុតនៅតាមតំបន់ឆ្ងាយដាច់ស្រយាល ជាពិសេសដើម្បីបង្កើនប្រសិទ្ធភាពការងារមនុស្សធម៌ឱ្យកាន់តែមានភាពទូលំទូលាយ។
ក្នុងជំនួបនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទីកាកបាទក្រហមកម្ពុជាជឿជាក់ថា តាមរយៈលោក បូរ ភ័កត្រា និងក្រុមការងារ Rumduol TV នឹងអាចជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់។ឆ្លើយតបជាមួយការផ្តល់ទំនុកចិត្តនិងឱកាសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោក បូរ ភ័កត្រា បានបង្ហាញការអរគុណ និងបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីលទ្ធភាព និងមានភាពច្បាស់លាស់ក្នុងការបំពេញការងារ ទៅតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា និងអនុវត្តដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ចំពោះការផ្តល់ទំនុកចិត្តឱ្យលោក បូរ ភ័កត្រា ឬបុរសនាំសំណាងរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តនិងត្រេកអរជាខ្លាំងហើយក៏បានជូនពរឱ្យលោកកាន់តែជោគជ័យចំពោះការងារជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា ជាជំហានទី១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមលោក បូរ ភ័កត្រា និងក្រុមការងាររំដួលធីវី នូវថវិកា ចំនួន ២០លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ចំនួន ៣០ឈុត សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះបំផុតចំនួន ៣០គ្រួសារ ដោយក្នុងគ្រួសារនីមួយៗនឹងទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី ឬទឹកស៊ីអ៊ីវ ៦ដប, និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ចំពោះថវិកា ក្រុមការងារអាចផ្តល់ជូនមួយចំនួនដល់គ្រួសារណាដែលលំបាកបំផុតបានភ្លាមៗ៕