ក្រោយពីបាត់មុខពីសិល្បៈប្រមាណជាបួនខែពេលនេះតារាចម្រៀង ប៊ុត សីហា បានត្រឡប់ជាថ្មីដោយបានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់ដោយអះអាងថាត្រៀមនឹងចាប់អាជីពចម្រៀងជាធម្មតាបើទោះជាមានអ្នកគាំទ្រតិចតួចក្តី ។ ការបង្ហាញសកម្មភាពនៅក្នុងបណ្តាញសង្គមជាថ្មីរបស់តារាចម្រៀងដែលសំបូររឿងអាស្រូវរូបនេះក៏ទទួលបានការគាំទ្រពីសំណាក់ ហ្វេន ហ្វេនរបស់លោកជាច្រើន ។
គេចាំបានថាកាលពីអំឡុងថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២៣កន្លងទៅតារាចម្រៀងលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀនជាលើកទីពីរដែលរូបភាពរបស់លោកត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ មហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានបង្ហាញការសោកស្តាយនូវសមត្ថភាពរបស់លោកដែលមានសំឡេងល្អតែបែរជាមិនស្រឡាញ់កេរ្តិ៍ឈ្មោះទៅប្រព្រឹត្តខ្លួននៅក្នុងអំពើអបា យមុខធ្វើឱ្យសង្គមស្អប់ខ្ពើមនិងខូចអនាគតម្តងហើយម្តងទៀត ។
ប៉ុន្តែនៅក្នុងថ្ងៃទី ១៣យប់មិញនេះគេបានឃើញ ហ្វេសប៊ុករបស់តារាចម្រៀង ប៊ុត សីហា ចាប់ផ្តើមមានសកម្មភាពឡើងវិញដោយបានបង្ហាញសារជាបន្តបន្ទាប់ថា«នៅសល់អ្នកគាំទ្រម៉ាណអ្នកយកប៉ុណ្ណឹងចុះវាមិនងាប់ទេមកវិញច្រៀងតាមធម្មតាចុះអរគុណបងប្អូន« «ពេលខ្លះក៏មិនហ៊ាននិយាយថាវាទៅជាយ៉ាងមិច»។
ជាមួយការលើកឡើងរបស់ ប៊ុត សីហា ឡើងវិញក្រោយស្ងប់ស្ងាត់ប្រមាណជាបួនខែនោះក៏បានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការសប្បាយរីករាយហើយក្នុងនោះក៏មានការខមិនជាបន្តបន្ទាប់ដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថានឹងនៅតែស្រឡាញ់និងគាំទ្រដល់ ប៊ុត សីហា ដូចមុនហើយខ្លះទៀតក៏បានផ្តល់កម្លាំងចិត្តដល់រូបលោកផងដែរ ។ គេមិនទាន់ដឹងថាតើការវិលត្រឡប់ជាថ្មីរបស់តារាដែលប្រវត្តិមកពីខេត្តកំពង់ស្ពឺរូបនេះនឹងទទួលបានការផ្តល់ឱកាសពីសំណាក់ម្ចាស់ផលិតកម្ម ឬម្ចាស់ក្រុមហ៊ុនក្នុងការជួយឧបត្ថម្ភដល់រូបលោកឬបែបណានោះឡើយ៕