header ads

Sponsor

ពេលនេះម្ចាស់ផេកកំពូលម៉ូតដែលបានតាំងខ្លួនជា ព្រះនាងឥន្រ្ទទេវី ចូលសណ្ឌិតនោះបានទទួលស្គាល់កំហុសនឹងបានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយ​យល់ព្រមធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរក៏ដូចជាវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាថ្នាក់ដឹកនាំចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

ក្រោយពីបានធ្វើព្យុះភ្លៀងតាំងខ្លួនជាវីរៈក្សត្រីនាសម័យអង្គរដែលមានព្រះកិត្តិនាមល្បីល្បាញព្រះនាងឥន្រ្ទទេវី ដោយអះអាងថាដើម្បីសង្រ្គោះកូនចៅមួយរយៈពេលមក ពេលនេះអតីតតារាសម្តែងដែលមានឈ្មោះពិតប្រាកដថា អេន ចរិយា ដែលសព្វថ្ងៃជាអ្នកលក់អនឡាញដែលមានរហស្សនាមថា អ្នកគ្រូលី នោះបានចូលខ្លួនមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ។

បើតាមការរៀបរាប់នៅក្នុងផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្នុងថ្ងៃទី ៣១នេះបានឱ្យដឹងថា« នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ "EN Chariya" និង "កំពូលម៉ូតូ" ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីភាគីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម៖ 
១. បានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។
២. បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។


ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​យល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ​ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។សមត្ថកិច្ច​នឹង​បន្ត​តាម​ដាន​សកម្មភាព​របស់​បុគ្គល​ខាង​លើ​ និង​អនុវត្ត​នីតិវិធី​បន្ត​ បើ​មិន​អនុ​វត្ត​តាម​ការ​សន្យា»​​។ 

មហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញនូវការសាទរនិងត្រេកអរចំពោះចំណាត់ការរបស់ក្រសួងពាក់ព័ន្ធចំពោះអ្នកលក់អនឡាញរូបនេះដែលបានធ្វើការបំពុលសង្គមមួយរយៈពេលមក ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post