មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះបវរកញ្ញាភេទទីបី កក្កដា សោភ័ណ ត្រូវបានដកបេក្ខភាពចេញពីការប្រកួត Miss Queen Cambodia 2024 ដោយសារបានបង្ហាញវីដេអូបែបបំពុលសង្គមដោយការរាំយ៉ាងអសីលធម៌កាលពីពេលថ្មីៗនេះ ។ ការដកបេក្ខភាពអតីតសង្ឃរូបនេះក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។
បើតាមការបង្ហោះនៅក្នុងផេកផ្លូវការរបស់ Miss Queen Cambodia បានរៀបរាប់ថា«យោងតាមសំណូមពរយុវជនខេត្តបន្ទាយមានជ័យ និងបងប្អូនមួយចំនួនធំឆាតមក ដែលសំណូមពរអោយស្ថាប័ន បវរកញ្ញាឯកភេទទីបីកម្ពុជា Miss Queen Cambodia 2024 ពិនិត្យលើចរិតនិងសកម្មភាពមិនប្រក្រតីនានារបស់បវរកញ្ញាភេទទីបីតំណាងខេត្តបន្ទាយមានជ័យ ដោយហេតុថាបេក្ខភាពនេះបានធ្វើសកម្មភាពមិនថ្លៃថ្នូរ និងមិនសាកសម ទាំងការផុសក្នុងបណ្តាញសង្គមFB និងTik Tok ក្នុងនាមកញ្ញាតំណាងអោយខេត្ត នាំអោយអាប់ឱនសេចក្ដីថ្លៃថ្នូនៃខេត្តបន្ទាយមានជ័យ។យើងខ្ញុំសូមប្រកាសដកបេក្ខភាព កញ្ញា កក្កដា សោភ័ណ ចេញពីកម្មវិធីប្រកួត Miss Queen Cambodia 2024 ចាប់ពីពេលនេះតទៅ!បើនៅមានបងប្អូននៅខេត្តបន្ទាយមានជ័យ គាំទ្រគាត់បន្តការប្រកួតទៀត យើងខ្ញុំអាចពិចារណាបាន»។
មូលហេតុដែលនាំឱ្យឈានដល់ការដកបេក្ខភាពចេញពីកម្មវិធីប្រកួតបវរកញ្ញាភេទីបីរូបនេះដោយសារថ្មីៗនេះ កក្កដា សោភ័ណ បានចេញវីដេអូរាំនៅពីមុខរូបសំណាក់មួយយ៉ាងអសីលធម៌ដែលធ្វើឱ្យមានការមិនពេញចិត្តចំពោះសកម្មភាពបែបនេះពីសំណាក់យុវជនខេត្តបន្ទាយមានជ័យ ដោយលើកឡើងថាទង្វើបែបនេះមិនស័ក្តសមជាបវរកញ្ញាតំណាងឱ្យខេត្តរបស់ខ្លួននោះទេ ។ ដោយសារបែបនេះហើយទើបកម្មវិធីប្រកួតបវរកញ្ញាភេទទីបីបានសម្រេចដកសិទ្ធប្រឡងកម្មវីធីសម្រស់នេះពី កក្កដា សោភ័ណ ។ ជាមួយនឹងការដកសិទ្ធនៅក្នុងការប្រកួតនេះគេមិនបានឃើញ កក្កដា សោភ័ណ ចេញមុខបកស្រាយឬសុំទោសចំពោះសកម្មភាពរបស់ខ្លួននៅឡើយទេ តែគេសង្កេតឃើញមានការខមិនពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនចំពោះការដកបេក្ខភាពអតីតសង្ឃរូបនេះចេញពីកម្មវិធី Miss Queen Cambodia 2024។
គេចាំថាបើទោះធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់បវរកញ្ញាភេទទីបីកាលពីឆ្នាំ ២០២៣ ម្តងរួចហើយនឹងធ្លាប់ទទួលបានពានចំនួនពីរ តែយ៉ាងណា កក្កដា សោភ័ណ មានក្តីស្រមៃចង់គ្រងមកុដទើបសម្រេចចូលប្រកួតនៅក្នុងឆ្នាំ២០២៤នេះបន្តទៀត តែគួរឱ្យស្តាយក៏ត្រូវដកសិទ្ធក្នុងការប្រកួតពាក់កណ្តាលទីទៅវិញ៕