ទោះមានបំណុលច្រើនលានដុល្លារមិនទាន់ដោះស្រាយរួចរាល់ក្តី តែក្រោយពីបញ្ចប់បញ្ហា ជាមួយខាងគ្រួសារស្វាមីអ្នកនាង ស្រីអូន កាន់តែមានភាពស្រស់ស្រាយជាងមុនហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នោះ ស្រីអូន កាន់តែមានសម្រស់ស្អាតនិងប្លែកជាងមុន ជាពិសេសក្រោយពីអ្នកនាងក្លាយជាម្ចាស់ហាងកែសម្ជស្សលីនដូ ។
អ្នកតាមដានជីវិតឯកជនរបស់អ្នកនាង ស្រីអូន ពិតជាបានដឹងហើយថាទោះមានបំណុលច្រើនលានដុល្លារបន្សល់ពីស្វាមី ឈាង រ័ត្ន ក្តី តែ ស្រីអូន នៅតែអាចសម្រេចក្តីស្រមៃរបស់ខ្លួនដោយការបើកមជ្ឈមណ្ឌលកែសម្ជស្សមួយកាលពីពេលថ្មីៗនេះ។
មិនត្រឹមតែដូរឈ្មោះពី ស្រីអូន សម្រស់ធម្មជាតិមកជា ស្រីអូន បុស្បា ទេតែបើក្រឡេកមើលសម្រស់របស់អ្នកនាង ស្រីអូន មានការលេចធ្លោប្រែប្លែកខុសពីមុនក្រោយពីអ្នកនាងបានកែបន្ថែមត្រង់បបូរមាត់បេះដូង និងកាត់ស្លាបច្រមុះដើម្បីឱ្យស្រស់ស្អាតនិងប្តូរហុងស៊ុយថ្មីដែលកាន់តែធ្វើឱ្យ ស្រីអូន មានភាពជឿជាក់ខ្លាំង។អ្នកលេងបណ្តាញសង្គមជាច្រើនសុទ្ធតែលាន់មាត់ថា ស្រីអូន មានសម្រស់ស្អាតប្លែកស្ទើរគ្រប់គ្នា ។
អ្វីដែលកត់សម្គាល់ក្រោយពីរឿងរ៉ាររបស់ខ្លួនមានភាពរលូន ជាពិសេសក្រោយបញ្ចប់វិវាទជាមួយគ្រួសារខាងស្វាមីនោះ ស្រីអូន ដែលអះអាងថាបានសិក្សាត្រឹមតែថ្នាក់ទី ៨នោះ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនថា«ដោយសារភាពរឹងមាំមួយនេះផ្ដើមចេញពីជីវិតដ៏សែនជូរចត់ ជីវិតដែលគួរអោយខ្លាច ជីវិតដ៏គួរអោយស្អប់ខ្ពើម ខ្ញុំចាប់ផ្ដើមទទួលយកខ្លួនឯង កែច្នៃខ្លួនឯង អភិវឌ្ឍន៍ខ្លួនឯង តស៊ូ រឹងមាំ មិនបោះបង់ ស្រលាញ់ខ្លួនឯងគេអាចស្អប់យើង បោះបង់យើង តែយើងមិនអាចបោះបង់ខ្លួនឯង និងស្អប់ខ្លួនឯងបានឡើយ»។ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តនិងជូនពរឱ្យ ស្រីអូន កាន់តែមានភាពរឹងមាំនិងអាចដោះស្រាយបំណុលបានឆាប់ៗដោយជោគជ័យ៕