បន្ទាប់ពីស្ងប់ជម្លោះជាមួយអ្នកនាង សារីណា ជាភរិយារបសអតីតតារាសម្តែង ស៊ុក សុភាបន្តិចមកតារាចម្រៀង ម៉េង កែវពេជ្ជតា បានងាកមកចាប់អារម្មណ៍រឿងបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានសមាគមសិល្បៈដែលកំពុងផ្ទុះនៅក្នុងពេលប៉ុន្មានថ្ងៃនេះដោយអ្នកនាងថែមទាំងការសង្ស័យថាជាការរៀបចំថែមទៀតផង។
តារាចម្រៀងដែលមានសំឡេងផ្អែមពិរោះរូបនេះបានរៀបរាប់នៅក្នុងសំណេររបស់ខ្លួនថា«ជម្រាបសួរចា៎ពីរបីថ្ងៃនេះឃើញមានការបំផុសខ្លាំងក្លាណាស់ពីរឿងបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រេីសតាំងប្រធានសមាគមសិល្បៈថ្មីបន្ទាប់ពីប្រធានចាស់ប្រកាសលាឈប់ទាំងតក់ ក្រហល់ ។ មិនដឹងថាជាការរៀបចំឬយ៉ាងណា ? និយាយត្រង់ ក្នុងស្ថានភាពចម្លែកៗបែបនេះ គ្មានតម្លៃអ្វីអោយខ្ញុំចេញមកនិយាយនាំខាតពេលទេក៏ព្រោះមិនចង់អោយអ្នកខ្លះយល់ច្រលំថាខ្ញុំក៏ខ្វល់ខ្វាយនឹងរឿងតំណែងនេះដែរ ។ ប៉ុន្តែដោយសារការបង្ហោះមួយចំនួន មានខមិនខ្លះប៉ះពាល់សិទ្ធខ្ញុំពេកទាំងដែលខ្ញុំនៅស្ងៀមៗសោះហើយដែលមើលទៅអ្នកខមិនទាំងនោះហាក់ដូចជាភ័យខ្លាចខ្ញុំត្រូវបានមហាជនគាំទ្រអញ្ចឹងទេបើខំរាំងខ្ទប់ ខំជេរផងបង្អាប់ផង .. ។ បើភ័យភិតម្លឹងៗ ខ្ញុំសុខចិត្តចេញមកជម្រាបជូនក៏បានដើម្បីបញ្ជាក់ជំហរខ្ញុំដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ៖
១ - ខ្ញុំមិនទាន់បានប្រកាសផ្ទាល់មាត់ថាខ្ញុំព្រមឈរឈ្មោះអោយគេបោះឆ្នោតនៅឡើយទេ បើទោះជាមានសំណូមពរយ៉ាងច្រើនក៏ដោយ ដូច្នេះបើគ្រាន់តែចង់ដាក់ប្រធានថ្មីតាមគំរោង ក៏មិនចាំបាច់ទាញយកឈ្មោះខ្ញុំទៅបន្តុះបង្អាប់របៀបហាមឃាត់នាំតែហត់ធ្វើអីដែរ ព្រោះបើគង់តែមានមនុស្សចាំប្តូរទៅហើយ សូមធ្វើតាមចិត្តទៅ ឬខ្លាចខ្ញុំតណ្តើម ?
២- ខ្ញុំមិនភ្លើដើរទៅអង្គុយលើកៅអីដែលមានឈ្មោះរួចហើយនោះទេ !
៣- បើទោះជាការតស៊ូមតិរបស់ខ្ញុំរាប់ឆ្នាំកន្លងមកក្នុងន័យការពារសិល្បៈ និងអ្នកសិល្បៈរហូតរងរបួសស្រក់ឈាមសស្រាក់ តែផលទទួលបានត្រឹមឈ្មោះថាជាតារាសំបូររឿងពីពពួកមនុស្សអគតិមួយចំនួននោះក៏ដោយ ក៏ខ្ញុំគ្រាន់តែចង់អោយសិល្បៈនៅមានតម្លៃក្នុងដួងចិត្តមហាជនប៉ុណ្ណោះ ព្រោះនិស្ស័យខ្ញុំមិនចេះត្រឹមតែរត់គេចពួនពេលសង្គ្រាម ហើយអើតក្បាលមកទទួលផលតែពេលសត្រូវងាប់អស់នោះទេ ។
៤- សម្រាប់ខ្ញុំ នរណាឡើង នរណាចុះមិនសំខាន់ សំខាន់កុំតែដឹកនាំអោយសិល្បៈធ្លាក់ចុះ បែកបាក់ បក្សពួក និងជាពិសេសកុំតែបំផ្លាញគ្រួសារសិល្បៈរបស់ខ្ញុំ កុំព្យាយាមបំបិទការងារខ្ញុំទៅបានហើយ បើមិនដូច្នោះទោះជាខំបោះឆ្នោតមួយខែម្តងក៏នៅតែអង្គុយកៅអីនេះមិនជាប់ដដែលទេ »។
ទាំងនេះជាការលើកឡើងរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ក្រោយពីមានសន្ទុះនៃការគាំទ្រចង់ឱ្យតារាពហុជំនាញ ខាត់ សុឃីម ក្លាយជាប្រធានសមាគមសិល្បៈនៅក្នុងអណត្តិថ្មីនេះ៕