មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញវីដេអូមួយរបស់តារាកំប្លែង នាយពាក់មី បានសន្យាថាចាប់ពីពេលនេះតទៅរូបលោកនឹងឈប់ផ្សព្វផ្សាយល្បែងអនឡាញព្រោះជារឿងដែលខុសច្បាប់ ។ មិនតែប៉ុណ្ណោះលោកថែមទាំងផ្តែផ្តាំមហាជនថាកុំលេងល្បែងព្រោះនាំឱ្យវិនាស ។
គេចាំបានថាក្រោយពី នាយគ្រឿន ជាប្អូនបានប្រកាសឈប់ផ្សាយល្បែងស៊ីសង និងគ្រឿងស្រវឹងបន្ទាប់ពីទទួលរងការរិះគន់ដូចទឹកបាក់ទំនប់នាពេលកន្លងមកនោះ ។ ស្រាប់តែថ្មីៗនេះគេបានឃើញវីដេអូមួយដែលតារាកំប្លែង នាយពាក់មី ជាបងប្រុសបានបង្ហាញវត្តមាននៅនាយកដ្ឋានប្រឆាំងល្បែងនិងបទល្មើសល្បែងពាណិជ្ជកម្មតាមការកោះហៅរបស់សមត្ថកិច្ចដើម្បីបំភ្លឺទាក់ទងទៅនឹងការឃោសនាល្បែងអនឡាញ។អ្វីដែលគួរឱ្យកត់សម្គាល់តារាកំប្លែងរូបនេះបានបង្ហាញការភ្ញាក់ផ្អើលព្រោះកន្លងមកលោកមិនដែលដឹងសោះថាល្បែងអនឡាញដែលលោកផ្សាយកន្លងមកគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវនឹងជារឿងដែលខុសច្បាប់ ។
អ្វីដែលគួរឱ្យសរសើរតារាកំប្លែងដែលមានដើមកំណើតមកពីខេត្តស្វាយរៀងរូបនេះសន្យាថានឹងឈប់ផ្សព្វ ផ្សាយល្បែងចាប់ពីពេលនេះតទៅ ។ ក្នុងនោះ នាយពាក់មី បាននិយាយថា កន្លងមកលោកបានគិតថាក្រោយពីចប់កិច្ចសន្យាលោកនឹងឈប់ តែពេលនេះលោកសុំលាឈប់ពាក់កណ្តាលទីតែម្តង ។
ការសម្រេចចិត្តរបស់ នាយពាក់មី បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រលោកមានការត្រេកអរជាខ្លាំងហើយរំពឹងថានឹងមានអ្នកសិល្បៈផ្សេងៗទៀតយកគំរូដូចលោក និង នាយគ្រឿនជាប្អូន ។ ដ្បិតធ្លាប់បានចេញមុខផ្សាយជាសាធារណៈចំពោះល្បែងអនឡាញមួយក៏ពិតមែន តែ នាយពាក់មី បាននិយាយថាលោកគ្រាន់តែឃោសនាដោយការពាក់អាវ មិនបានអូសទាញបងប្អូនឬនរណាមកលេងល្បែងភ្នាល់បាល់ទាំងនោះទេ ។ ជាចុងក្រោយ នាយពាក់មី ក៏បានផ្តែផ្តាឱ្យបងប្អូនអ្នកសិល្បៈឬអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមឈប់ជឿគេផ្តេសផ្តាសព្រោះការផ្សព្វផ្សាយល្បែងអនឡាញនេះគឺជារឿងខុសច្បាប់។មួយវិញទៀតលោកក៏ផ្តាំទៅបងប្អូនទាំងអស់កុំឱ្យលេងល្បែងគ្រប់ប្រភេទព្រោះនាំឱ្យវិនាស ៕