ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានជ្រាបខ្លះៗហើយក្រោយពីអតីតពិធីការិនី និងតារាសម្តែង ថន ដារ៉ា បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយស្វាមីជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមួយ។អ្វីដែលកាន់តែចាប់អារម្មណ៍ក្រោយភ្ជាប់ពាក្យមិនបានប៉ុន្មានថ្ងៃផងគូដណ្តឹងរបស់អ្នកនាង ថន ដារ៉ា បានទម្លាយរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹកដែលបានទៅដើរលំហែរួមគ្នានៅតាមកន្លែងកម្សាន្តនានាទាំងនៅក្នុងប្រទេសនិងប្រទេសជិតខាងពិតជាផ្អែមល្ហែមមិនចាញគូស្នេហ៍វ័យក្មេង ។
ទោះបានផ្តាច់ខ្លួនពីការងារសិល្បៈច្រើនឆ្នាំ តែអ្នកនាង ថន ដារ៉ា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនព្រោះអ្នកនាងតែងបង្ហាញវត្តមាននៅក្នុងកម្មវិធីនានារបស់អ្នកសិល្បៈជាមួយប្អូនស្រី ថន លក្ខិណា មិនដែលរំលងឡើយ ។អ្នកនាងក៏ជាអតីតតារាស្រីខ្មែរដែលធ្លាប់រៀបការជាមួយមន្ត្រីជាន់ខ្ពស់និងជាអ្នកជំនួញជនជាតិថៃ តែបានចែកផ្លូវគ្នាដោយស្ងប់ស្ងាត់ទៅវិញ ។
បន្ទាប់ពីស្ពាយងារជាអ្នកមេម៉ាយមួយរយៈអ្នកនាងក៏បានភ្ជាប់ស្នេហ៍ថ្មីជា មួយមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសឯកឧត្តម ឃី សុវណ្ណរតនា និងបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ១៣ កន្លងទៅ ។ គ្រាន់តែភ្ជាប់ពាក្យមិនបានប៉ុន្មានថ្ងៃផងអនាគតស្វាមីអ្នកនាង ថន ដារ៉ា បានទម្លាយរូបភាពដ៏ស្រស់ស្អាតជាច្រើនដែលបានទៅដើរកម្សាន្តរួមគ្នានៅតាមរមណីយដ្ឋាននានាទាំងក្នុងស្រុកនិងក្រៅស្រុកដែលមើលទៅពិតជាផ្អែមល្ហែមជាខ្លាំង ។ ឯកឧត្តម ឃី សុវណ្ណរតនា បានភ្ជាប់សារខ្លីថា «ពេលវេលាបណ្តាលឱ្យយើងបានជួបគ្នាដោយចៃដន្យ និងនិស្ស័យ»។
បើតាមប្រភពអ្នកដែលជិតដិតជាមួយអ្នកនាង ថន ដារ៉ា បានឱ្យដឹងថាមុនភ្ជាប់ពាក្យ ថន ដារ៉ា និងគូដណ្តឹង បានស្វែងយល់ចិត្តថ្លើមគ្នាយូរខែដែរគ្រាន់តែមិនដែលបង្ហាញរូបភាពតាមបណ្តាញសង្គមដូចគូស្នេហ៍វ័យក្មេងដទៃ។នៅតែមានការសរសើរសំណាងរបស់អតីតពិធីការិនីរូបនេះដែលអាចជ្រើសរើសដៃគូជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់មិនថាភាសាជាតិឬភាសាបរទេសហើយថែមទាំងមានតួនាទីជាមន្រ្តីធំនៅក្នុងក្រសួងមួយថែមទៀត។ឯកឧត្តម ឃី សុវណ្ណរតនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអនុបណ្ឌិត និង បណ្ឌិតនៅប្រទេសស្រីលង្កានិងប្រទេសឥណ្ឌា។ ឯកឧត្តម ឃី សុវណ្ណរតនា ក៏ធ្លាប់ជាព្រះចៅអធិការវត្តមង្គលវ័ន ហៅ វត្តស្វាយដង្គំទៀតផង៕