មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះបុគ្គលដែលល្បីនិងមានមុខមាត់នៅក្នុងសង្គមលោក ឌួង ឆាយ បានប្រកាសមិនទទួលផ្សព្វផ្សាយល្បែងអនឡាញនៅលើផ្ទាំងប៉ាណូរបស់លោកសម្រាប់ផ្សាយពាណិជ្ជកម្មនៅតាមដងផ្លូវឡើយ ។ ជាមួយការលើកឡើងរបស់លោក ឌួង ឆាយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរចំពោះឆន្ទះរបស់លោកគ្រប់គ្នា ។
គេចាំបានថាកាលពីពេលថ្មីៗនេះតារាកំប្លែងដែលមានឈ្មោះបោះសំឡេង នាយគ្រឿន បានទទួលរងការរិះគន់ពីសំណាក់មហាជនដូចទឹកបាក់ទំនប់ក្រោយពីនាយបានឃោសនាតាមរយៈបទចម្រៀងដោយឱ្យបងប្អូនលេងល្បែងដើម្បីក្លាយជាសេដ្ឋី ។ ប៉ុន្តែក្រោយមកតារាកំប្លែងរូបនេះបានសម្រេចចិត្តបោះចោលលុយទាំងម៉ឺនពាក់កណ្តាលទីនឹងប្រកាសឈប់ផ្សាយល្បែងអនឡាយនិងគ្រឿងស្រវឹងព្រោះមិនចង់ឱ្យមហាជនជេរប្រមាថបន្តទៀត ។
ក្រៅពី នាយគ្រឿន គេក៏បានឃើញ នាយពាក់មី ជាបងប្រុសក៏បានសន្យាថាឈប់ឃោសនាល្បែងស៊ីសងនេះដែរ។ ក្រៅពីតារាកំប្លែងទាំងពីររូបនេះថ្មីៗនេះគេបានឃើញលោក ឌួង ឆាយ ជាបុគ្គលដែលមានមុខមាត់នៅក្នុងសង្គមក៏បានលើកឡើងជាសាធារណៈថាលោកនឹងធ្វើពហិការមិនឃោសនាល្បែងស៊ីសងលើស្លាកប៉ាណូរបស់ខ្លួនឡើយដែលមានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗឡើយ។
លោក ឌួង ឆាយ បានបង្ហោះសារថា«ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនខ្ញុំសុខចិត្តទុកទំនេរចោលក៏ពហិការមិនផ្សព្វផ្សាយល្បែងស៊ីសងដែរ»។ សាររបស់លោក ឌួង ឆាយ ក៏ទទួលបានការគាំទ្រពីសំណាក់មហាជនមួយចំនួនហើយក្នុងនោះគេក៏បានឃើញ អាចារ្យធំនគររាជ ចេញមុខសរសើរចំពោះការប្រកាសរបស់លោក ឌួង ឆាយ ដែរ ។
ជាមួយគ្នានោះក៏មានមហាជនខ្លះលើកឡើងថាប្រសិនបើអ្នកមានមុខមាត់ក៏ដូចជាអ្នកសិល្បៈល្បីៗមួយចំនួនបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងនិងល្បែងស៊ីសងនោះនឹងធ្វើឱ្យឥទ្ធិពលហ្គេមអនឡាញនិងគ្រឿងស្រវឹងកាត់បន្ថយការរីករាលដាលមួយចំណែកនៅក្នុងសង្គម ៕