header ads

Sponsor

ក្រោយពីទទួលរងការរិះគន់ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើននោះពេលនេះម្ចាស់បទ«Team ទឹកត្នោតជូរ» និងអ្នកនិពន្ធលោក ផានិត បានធ្វើការសុំទោសដោយលើកឡើងថាជាកំហុសអចេតនាហើយលោកក៏ពុំបានដឹងថាបទចម្រៀង«ដែនដីខ្មែរ»ជាបទចម្រៀងជាតិនោះដែរ ព្រោះធ្លាប់ច្រៀងតាំងពីវ័យក្មេងៗ។ 


ដើម្បីអបអរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរដែលនឹងឈានមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះផលិតកម្មថោនបានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«Teamទឹកត្នោតជូរ» បែបស្រុកស្រែដែលមានអត្ថន័យសប្បាយៗបែបកំប្លុកកំប្លែង។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្តាប់ហួសចិត្តនោះបទចម្រៀងនេះបានយកទំនុកច្រៀងបទ«ដែនដីខ្មែរ»ដែលជាស្នាព្រះហស្តរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត និងជាបទជាតិកែប៉ារ៉ូលច្រៀងលើគ្រឿងស្រវឹង ដែលធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើនបានចេញប្រតិកម្មនិងរិះគន់គ្រប់គ្នា ។ ក្រោយផ្ទុះការរិះគន់លោក ម៉ៅ ហាជី ដែលជាម្ចាស់បទចម្រៀងនេះរួមទាំងអ្នកនិពន្ធបានចេញវីដេអូសុំទោសជាសាធារណៈនឹងទទួលស្គាល់ចំពោះកំហុសរបស់ខ្លួន ។ 

ក្នុងវីដេអូប្រមាណជាងពីរនាទីលោក ម៉ៅ ហាជី បានសម្តែងការសោកស្តាយនិងសុំការអធ្យាស្រ័យពីសំណាក់បងប្អូនទាំងអស់ ។ ជាពិសេសលោកសុំចិត្តមហាជនកុំជេរឬរិះគន់ដល់ផលិតកម្មថោន ព្រោះខាងផលិតកម្មមិនបានដឹងឡើយពោលយកបទពីលោកទៅបង្ហោះតែម្តង ។

មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះបានលើកឡើងថានេះជាកំហុសអចេតនា ហើយលោកក៏បានពុំបានដឹងថាបទចម្រៀង «ដែនដីខ្មែរ» ជាបទជាតិនឹងជាស្នាព្រះហស្តរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ ។ លោកសន្យាថានឹងមិនឱ្យកើតមានរឿងនេះជាលើកទីពីរទៀតឡើយ ។ ទោះបីជាយ៉ាងណាក្រោយទទួលរងការរិះគន់ពេលនេះបទចម្រៀង« Team ទឹកត្នោតជូរ» ក៏បានធ្វើការលុបភ្លាមៗដែរ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post