header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍នៅតាមបណ្តាញសង្គមដោយគេឃើញយុវវ័យមួយចំនួនដែលមានទាំងស្រីនិងប្រុសនោះបាននាំគ្នាយកចង្វាក់ភ្លេងដែលជាស៊ីផ្លេរថយន្តធំៗរាំតាមដងផ្លូវដោយមិនគិតពីគ្រោះថ្នាក់ដែលធ្វើឱ្យមានការរិះគន់ពីការចម្លងនូវសកម្មភាពមួយនេះពីប្រទេសជិតខាង ។ ក្នុងនាមជាបុគ្គលដែលមានឈ្មោះល្បីអ្នកនាង ស្រួង ភាវី បានលើកឡើងយ៉ាងចាក់ដោតបែបនេះ ។


ចុងក្រោយនេះគេសង្កេតឃើញមានការបង្ហោះចែករំលែកព្រោងព្រាតពីវីដេអូរាំលេងតាមដងផ្លូវនៅតាមបណ្តារខេត្តដោយការយកស៊ីផ្លេរថយន្តធំៗជាចង្វាក់ភ្លេងដោយមានមនុស្សចាំធ្វើដៃ ឈរតាមផ្លូវដោយមិនបារម្ភពីគ្រោះថ្នាក់ជាយថាហេតុនោះឡើយ។ មានការលើកឡើងថា យុវវ័យខ្មែរមួយចំនួនកំពុងឆ្កួតវង្វេងចម្លងតាមប្រទេសជិតខាង។ហាក់ទើសចិត្តជាមួយសកម្មភាពរបស់យុវវ័យខ្មែរទាំងនោះអ្នកនាងស្រួង ភាវី ដែលជាជាកីឡាការនីស្នូកឃ័រដ៏ឆ្នើមម្នាក់ដែលតែងបញ្ចេញទស្សនៈរបស់ខ្លួននៅតាមបណ្តាញសង្គមនោះបានបង្ហោះសារដែលមានអត្ថន័យថា « ឥទ្ធិពលអវិជ្ជមាននៃបណ្តាញសង្គម!នៅសតវត្សទី២០ និងដើមទសវត្សទី១ នៃសតវត្សទី២១ បច្ចេកវិទ្យាមិនទាន់រីកចម្រើនខ្លាំងអ្នកដែលមានចំណេះដឹងទូលាយជាងគេគឺគ្រូបង្រៀន។

ពេលទៅក្នុងថ្នាក់បានគ្រូនិយាយរឿងឱ្យស្តាប់គឺមានអារម្មណ៍ថាដូចបានស្គាល់ពិភពលោកខាងក្រៅអីចឹងដែរ។អារម្មណ៍ជក់ចិត្តស្តាប់ដោយយកចិត្តទុកដាក់មិនហ៊ានឱ្យរំលងសូម្បីមួយពាក្យរបស់គ្រូ ។រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃបដិវត្តឧស្សាហកម្មនាសម័យឌីជីថល រលកនៃអ៊ិនធើណិត បណ្តាញសង្គម ចំណេះដឹងទាំងល្អនិងអាក្រក់ គម្រូទាំងល្អនិងអាក្រក់ ត្រូវបានស្ថិតក្នុងប្រអប់ដ៏តូចមួយហៅថាទូរស័ព្ទដៃ។

កុមារ យុវជន និងមនុស្សចាស់ សុទ្ធតែទទួលឥទ្ធិពលនៃប្រអប់ដ៏តូចនេះ ចំណេះដឹងខ្លះវាពិតជាធ្វើឱ្យសង្គមរស់នៅយើងមានភាពរញ៉េរញ៉ៃ។ការយកចិត្តទុកដាក់លើកុមារនិងយុវជនគឺសំខាន់ណាស់ការអប់រំឱ្យពួកគេយល់ដឹងពីផលវិបាកនៃភាពអវិជ្ជមានរបស់បណ្តាញសង្គមត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត»។ជុំវិញការលើកឡើងរបស់អ្នកនាង ស្រួង ភាវី ក៏មានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយអ្នកខ្លះក៏បានចូលរួមបញ្ចេញមតិរៀងៗខ្លួនថា«រឿងអាក្រក់ឆាប់ចាប់បានណាស់»«អាសូរតែក្មេងៗគ្នាមិនទាន់ដឹងអីជ្រើមតាមមនុស្សធំខ្លាចតែតែឡានប៉ះទេ»«ជិះឡានពីតាខ្មៅទៅដល់កំពតឃើញមានចឹងរហូត»«រឿងណាអវិជ្ជមានកាត់តាមគ្នាលឿនណាស់ ឃើញចឹងសង្វេគណាស់សង្គមខ្មែរយើង»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post