ជារឿងដែលរីករាយនិងរំភើបសម្រាប់ហ្វេនៗ របស់តារារ៉េប វណ្ណដា និង ជី ដេវីត ក្រោយពីបានឃើញអ្នកទាំងពីរឈរនិយាយគ្នាយ៉ាងរីករាយនៅក្នុងពិធីមង្គលការរបស់ ស្រីនា និង វិសាល កាលពីយប់មិញក្រោយពីមានរឿងចម្រូងចម្រាស់ជាមួយគ្នានាពេលកន្លងមក ។ ទន្ទឹមនឹងភាពរីករាយក៏មានការចង់ឃើញ វណ្ណដា និង ជី ដេវីត សាងស្នាដៃរួមគ្នានាពេលអនាគត ។
គេចាំបានថាកន្លងមកហ្វេន ហ្វេន របស់តារារ៉េបទាំងពីរតែងផ្លែផ្កានិងបោះពាក្យសម្តីទៅមកដើម្បីការពារអាយដលរៀងខ្លួន ។ អ្វីដែលកត់សម្គាល់ធ្លាប់តែមើលមុខគ្នាមិនចំនិងឌឺដងតាមរយៈពាក្យសម្តីឱ្យគ្នានៅក្នុងបទចម្រៀង តែកាលពីថ្ងៃទី ២៨យប់មិញនេះតារារ៉េប វណ្ណដា និង ជី ដេវីត បានបង្ហាញរូបភាពយ៉ាងកម្រដោយបានចាប់ដៃនិងឈរនិយាយគ្នានៅក្នុងពិធីមង្គលការរបស់ ស្រីនា និង វិសាល ដោយទឹកមុខរីករាយក្រោមការជួយសម្របសម្រួលពីពិធីការិនីមាឌល្អិត ខៀវ សានសាណា ។
វីដេអូនិងរូបភាពដ៏កម្ររបស់តារារ៉េបទាំងពីរឈរទល់មុខគ្នានេះកំពុង ទទួលបានការចាប់អារម្មណ៍និងចែករំលែកពាស់ពេញបណ្តាញសង្គម។អ្នកគាំទ្រជាច្រើនបានបង្ហាញការរីករាយក្រោយឃើញអ្នកទាំងពីរត្រូវរ៉ូវគ្នាបន្ទាប់ពីមានបញ្ហាល្អក់កករនាពេលកន្លងមក ។ ប៉ុន្តែក៏មានប្រភពខ្លះលើកឡើងថាតាមពិតតារារ៉េបទាំងពីរមិនមានរឿងអ្វីជាមួយគ្នាទេ ណាស់តែ ហ្វេន ហ្វេន ទាំងសងខាងប៉ុណ្ណោះ ។
ជាមួយនឹងការវិលមកចាប់ដៃរបស់តារារ៉េបទាំងពីរដែលសម្របសម្រួលដោយពិធីការិនី ខៀវ សានសាណា នោះក៏ត្រូវបានហ្វេន ហ្វេន មួយចំនួនបញ្ចេញមតិ ថា កំពុងពេញDistrack ចែទៅសម្រួលខានស្តាប់ហើយ។ ប៉ុន្តែនេះគ្រាន់ជាមតិលេងសើចពីសំណាក់ ហ្វេន ហ្វេនតែប៉ុណ្ណោះ ព្រោះក្រោយពីរូបភាពមួយនេះលេចឡើងពេញបណ្តាញសង្គមក៏មានលើកឡើងស្រដៀងគ្នាថា ចង់ឱ្យតារារ៉េបទាំងពីរសហការរួមគ្នាព្រោះពួកគេសុទ្ធតែជាតារារ៉េបដែលមានគុណភាព៕